ភ្នំពេញ៖ កំពូលតារាសម្តែងសាំងហ្គាពួរ៤រូប អ្នកនាង ហ្សូអ៊ីថេ(Zoe Tay), លោករ៉ូមីអូតាន់ (Romeo Tan) , លោកអែលវីនអ៊ឹង (Elvin NG) និង កញ្ញា ផេចឆ័រ (Paige Chua) បានបញ្ចប់បេសកម្មក្នុងការច្រៀងរាំ និងផ្សព្វផ្សាយខ្សែភាពយន្តភាគ ដែលពួកគេសម្តែងប្រកបដោយជោគជ័យ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។ អ្វីដែលតារាសម្តែងទាំងបួនរូបចាប់អារម្មណ៍ខ្លាំង និងបង្ហាញពីក្តីរំភើប គឺពួកគេបានស្លៀកសម្លៀកបំពាក់ដែលច្នៃដោយអ្នកច្នៃម៉ូដនៅកម្ពុជា ដែលកាត់ដោយហូល និងផាមួងដែលត្បាញដោយដៃកូនខ្មែរ ។
អ្នកនាង ហ្សូអ៊ីថេ (Zoe Tay) ដែលប្រជាជនខ្មែរហៅនាងថា បូបូ បានបញ្ជាក់ពីអារម្មណ៍រំភើបរីករាយ ដែលបានធ្វើដំណើរមកកាន់កម្ពុជាជាថ្មី ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី និងអ្នកគាំទ្រនាង ។ នាងថា វាគឺជាលើកដំបូង ដែលនាងបានគ្រងសម្លៀកបំពាក់ ដែលច្នៃដោយកូនខ្មែរ ពិសេសច្នៃពីហូលនិងផាមួងដ៏ស្រស់ស្អាត។ នាងបញ្ជាក់ដែរថា ដើមឡើយអ្នកផលិតកម្មវិធី គ្រាន់តែសុំទំហំចង្កះ ទ្រគៀក ដើមទ្រូង កម្ពស់ គឺអាចធ្វើឲ្យជាងនៅកម្ពុជាច្នៃចេញជារ៉ូបដ៏ស្រស់ស្អាតនេះឡើង ហើយនាងពេញចិត្ត នឹងសម្លៀកបំពាក់ដ៏ស្រស់ស្អាត ។ តារាស្រីរូបនេះដឹងដែរថា សម្លៀកបំពាក់ដែលនាង បានស្លៀកនេះ គឺត្រូវបានសុភាពនារីខ្មែរនិយមស្លៀកទៅចូលរួមក្នុងពិធីមង្គលការ ជប់លៀងផ្សេងៗ ។
ចំណែកតារាសម្តែងប្រុសលោក រ៉ូមីអូតាន់ (Romeo Tan) និងលោកអែលវីនអ៊ឹង (Elvin NG) បានថ្លែងស្រដៀងគ្នាថា លោកពិតជារំភើប រីករាយក្នុងការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដែលច្នៃពីក្រណាតហូលផាមួងខ្មែរ ។ ពេលគ្រងសម្លៀកបំពាក់នេះ លោកយល់ថា លោកដូចជាទេវបុត្រម្នាក់ នៅក្នុងខ្សែភាពយន្តដូចច្នេះដែរ ។ លោកពិតជាពេញចិត្ត និងកោតសរសើរចំពោះគំនិតច្នៃប្រឌិតនៃការស្លៀកពាក់នេះ ។
តារាសម្តែងស្រី ផេចឆ័រ (Paige Chua)វិញ បានបញ្ជាក់ដែរថា នាងពិតជាពេញចិត្តនឹងភ្ញាក់ផ្អើល ក្រោយពីបានស្លៀកសម្លៀកបំពាក់ ដែលស្ត្រីខ្មែរនិយមស្លៀកចូលរួមក្នុងពិធីផ្លូវការផ្សេងៗ ។ នាងបញ្ជាក់ថា អ្វីដែលនាងចាប់អារម្មណ៍ គឺនាងមានអារម្មណ៍ថា នាងដូចជាសុភាពនារី នៅកម្ពុជាដែរ ប៉ុន្តែនាងត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ន និងសុភាពរាបសារដូចនារីខ្មែរដូចច្នេះដែរ ។
គួរបញ្ជាក់ដែរថា តារាសម្តែងប្រុស ស្រីល្បីឈ្មោះ របស់ប្រទេសសិង្ហបុរី បានបង្ហាញវត្តមាននៅកម្ពុជា កាលពីចុងសប្តាហ៍មុននេះ នៅកម្ពុជាដើម្បីជួបជាមួយអ្នកគាំទ្រ និងចូលរួមផ្សព្វផ្សាយខ្សែភាពយន្ត ដែលពួកគេសម្តែងគឺខ្សែភាពយន្តភាគដ៏ល្បីរឿង ឆាកជីវិតដូចព្រេងនិទានវគ្គ២ និងរឿង “ពេលវេលាប្រល័យវាសនា” ។
ក្រៅពីការធ្វើសន្និសីទសារព័ត៌មាន ពួកគេក៏មានឱកាសទទួលជួបសម្តែងការគួរសម និងទទួលទានអាហារជាមួយឥស្សរជនឆ្នើមនៅកម្ពុជាផងដែរ មុនពេលដែលពួកគេចូលរួមក្នុងកម្មវិធី “ជួបជុំតារាសាំងហ្គាពួរ” នៅមហោស្រពរ៉ូហ្សាណាខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ។ កម្មវិធីដ៏រំភើបប្លែកនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភីភីស៊ីធីវី(PPCTV) គឺដើម្បីផ្តល់ឱកាសឲ្យសិល្បករមកពីសាំងហ្គាពួរ បានជួបជាមួយអ្នកគាំទ្រនៅកម្ពុជា ដោយផ្ទាល់ ពិសេសគឺមុនពេលដែលខ្សែភាពយន្តភាគដ៏ល្បីល្បាញខាងលើ ត្រូវចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ខ្សែកាប្លិ៍នៅពេលដ៏ខ្លីខាងមុខនេះ ៕ វឌ្ឍនា