ភ្នំពេញ ៖ អង្ករផ្កាម្លិះរាប់តោនត្រូវបាន ក្រុមហ៊ុន UK CANDOច្រកក្នុងការុងទម្ងន់ ២០គីឡូក្រាមក្នុងមួយការុងសម្រាប់ដាក់លក់ជូនប្រជាពលរដ្ឋទូទៅក្នុងតម្លៃថោកដើម្បីឆ្លើយតបតាមអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាល និងដោះស្រាយផលលំបាក របស់ប្រជាកសិករដែលផលិតស្រូវបានហើយត្រូវឈ្មួញបញ្ចុះតម្លៃមិនអាចទទួលយកបាន ។
ការលក់អង្ករមនុស្សធម៌នេះបានប្រព្រឹត្ត ទៅនៅមុខក្រុមហ៊ុន UK CANDO ក្នុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃ ទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់ជូនប្រជាពលរដ្ឋទូទៅដោយម្នាក់ៗ គ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកទៅបង្ហាញអាចទិញបាន ១០គីឡូក្រាមថែម១០គីឡូក្រាម(សរុប២០ គីឡូក្រាម)ក្នុងតម្លៃ៧ដុល្លារប៉ុណ្ណោះ ។
នាយកក្រុមហ៊ុននេះបានឲ្យដឹងថា បន្ទាប់ពីសព្វថ្ងៃនេះប្រជាកសិករយើងផលិត ស្រូវបានហើយតែនៅទីផ្សារត្រូវធ្លាក់ថ្លៃស្រូវដែលជាកង្វល់មួយសម្រាប់ពួកគាត់ រកប្រាក់ទូទាត់សងបំណុលគេមិនបាន និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ទើបក្រុមហ៊ុនរកយុទ្ធសាស្រ្ត ទិញអង្ករផ្កាម្លិះពីប្រជាកសិករក្នុងតម្លៃដែលគាត់អាចលក់បានយកមកលក់ចែកជូន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញក្នុង តម្លៃថោកគឺទិញ១០គីឡូក្រាមថែម១០ គីឡូក្រាមក្នុងតម្លៃតែ៧ដុល្លារប៉ុណ្ណោះ។
លោកនាយកក្រុមហ៊ុនបានចាត់ទុកថា នេះជាសកម្មភាពមួយជួយដល់កសិករផង ជួយដល់ពលរដ្ឋត្រូវការអង្ករហូបផងដោយ ធ្វើយ៉ាងណាបានរួមចំណែកកាត់បន្ថយការលំបាកទាំងអស់គ្នា និងជាការលើកទឹកចិត្តដល់កសិករកុំឲ្យបាក់ទឹកចិត្តក្នុងការផលិតស្រូវជាបន្តទៀត ៕ ប្រាថ្នា