បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន២៦នាក់រងការឡោមព័ទ្ធចាប់ខ្លួនពីសមត្ថកិច្ចថៃ ក្រោយពីពលករខ្មែរ ទាំងនោះបានចូលធ្វើសកម្មភាពក្នុងដីថៃកាប់ឈើគ្រញូងខុសច្បាប់ក្នុងសួនឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងស្រុកមឿង ខេត្តស្រះកែវ ឈមនិងខេត្តបន្ទាយមានជ័យ ។ជាមួយនិងការឃាត់ខ្លួនសមត្ថកិច្ចថៃដកហូតបានឈើគ្រញូង៨០ដុំផងដែរ។សមត្ថកិច្ចថៃបង្រ្កាបឃាត់ខ្លួនពលករខ្មែរធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ខណៈដែលពលករខ្មែរបានលើកឈើគ្រញូងបម្រុងដាក់ក្នុងរថយន្តដើម្បីដឹកជញ្ជូនឆ្លងដែនចូលមកទឹកដីកម្ពុជា ។ នេះបើយោងតាមការដកស្រង់ចេញកាសែតក្នុងប្រទេសថៃ។
បើយោងតាមប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថា ពលករខ្មែរទាំង២៦នាក់ខាងលើត្រូវបានឈ្មួញថៃនិងឈ្មួញខ្មែរសហការគ្នាជួលទៅកាប់លីសែងឈើគ្រញូងក្នុងឧទ្យានជាតិប៉ាស៊ីដា ក្រោយពីធ្វើសកម្មភាពកាប់ឈើរួចរាល់បម្រុងដឹកនាំចេញមកដីកម្ពុជាក៏ត្រូវសមត្ថកិច្ចថៃឡោមព័ទ្ធចាប់បានតែម្តង។ពលករខ្មែរទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថាសមត្ថកិច្ចថៃចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលស្រះកែវដើម្បីកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងការបង្រ្កាបពលករខ្មែរចូលកាប់ឈើគ្រញូងខុសច្បាប់អ្នកយកព័ត៌មានយើង បានទំនាក់ទំនងលោក វរសេនីយ៍ឯក សៅ វាសនា ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកអន្តរជាតិប៉ោយប៉ែតដើម្បីជួយបំភ្លឺជុំវិញបញ្ហានោះ លោកប្រាប់ថាព័ត៌មានខាងលើ លោកពុំទាន់ដឹងនៅឡើយនោះទេរងចាំលោកស្រាវជ្រាវនោះសិន។
សូមបញ្ជាក់ថា សកម្មភាព ចូលទៅកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងដីថៃពីសំណាក់ ពលករខ្មែរត្រូវគេរាយការណ៍ឱ្យដឹងថាកន្លងមកមានពលករខ្មែរមួយចំនួនបានប្រឈម រងការបាញ់សម្លាប់ និងពលករខ្លះរងការបាត់ខ្លួន រឺត្រូវចាប់ដាក់គុកពីសំណាក់សមត្ថកិច្ចថៃ។សកម្មភាពនាំឱ្យពលករខ្មែរចូលទៅកាប់ឈើគ្រញូងក្នុងដីថៃពួកគេត្រូវបានឈ្មួញខ្មែរ និង ឈ្មួញថៃសហការគ្នាជួលចូលទៅកាប់ឈើគ្រញូងដល់ដីថៃនោះតែម្តង។ ជាងនេះទៅទៀតកាលពីកន្លងទៅថ្មីៗនេះ ឈើគ្រញូង១៥ដុំដែលមានតម្លៃរាប់ម៉ឺនដូល្លា ដឹកជញ្ជូនបង្កប់តាមរទះរបស់កម្មករខ្មែរចេញពីដីថៃឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែត ក៏ត្រូវបានមន្រ្តីគយប្រចាំច្រកអន្តរជាតិប៉ោយប៉ែតឆែកឆេរបង្រ្កាបបានផងដែរ។ឈ្មួញដែលរកស៊ីឈើគ្រញូងធំជាងគេប្រចាំក្រុងប៉ោយប៉ែតត្រូវគេលួចបង្ហើបឱ្យដឹងថាមានឈ្មោះក្របី ដែលជាឈ្មួញរកស៊ីដុះស្លែប្រចាំក្រុងប៉ោយប៉ែត កន្លងមកក្រុមឈ្មួញរកស៊ីឈើគ្រញូងមកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំតែងតែមកទំនាក់ទំនងរកទិញឈើគ្រញូងពីឈ្មួញរូបនោះផងដនោះទៀត ៕ សំ វិច្ឆិកា