ខេត្តពោធិ៍សាត់៖ នារីចំនួន០៣នាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តពេញទំហឹង ខណៈរថយន្តបង្កបើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងរថយន្តបណ្ដាលឲ្យរងរបួសរដូករណែលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៥៣នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀបរាប 3A 0113 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃ (ត្បូងទៅជើង) ខណៈនោះស្រាប់តែមានអ្នកជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E 1633 ឌុបគ្នា០៣នាក់ ធ្វើដំណើរស្របទិសគ្នា(លិចទៅកើត) បានបុកចំគូថរថយន្តពីចំហៀងផ្នែកខាងឆ្វេងក្រោយកង់ពេញទំហឹង បណ្ដាលឲ្យនាងៗចំនួន០៣នាក់រងរបួសរដូករណេលយ៉ាងធ្ងន់ធ្ងរ ។
ប្រភពព័ត៌មានបន្តថានាងៗរងរបួសទី១ឈ្មោះ ស៊យ ណូ អាយុ ១៧ឆ្នាំ (អ្នកបើកបរម៉ូតូ)ទីឈ្មោះ ឡាច ម៉ុន អាយុ ២៣ឆ្នាំ អ្នកទាំងពីនាក់នេះបច្ចុប្បន្នរស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី៣មិនត្រូវបានគេស្គាល់អតៈញ្ញាណ្ណនៅឡើយទេ ។
ប្រភពដដែលបន្តទៀតថា នាងៗរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តបង្កសមត្តកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ បឹុម ពិន