កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រក្រសួរការបរទេសឥណ្ឌា លោកស្រី Sushma Swaraj បានថ្លែងនៅវេទិកាអង្គការសហប្រជាជាតិបញ្ជាក់ថា ឥណ្ឌាសូមផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ការសុបិន្តចង់គ្រប់គ្រងដែនដីកាស្មៀរនោះទៅ ហើយព្រមជាមួយគ្នានេះដែរ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកប្រព្រឹត្តអំពើភេរវកម្ម ។
ស្ថានការណ៍តានតឹងរវាងឥណ្ឌា នឹងប៉ាគីស្ថានបានពុះកញ្ជ្រោលឡើងរហូតមានការវាយប្រហារថ្មីៗកន្លងទៅនេះទៅលើជំរំយោធាឥណ្ឌាមូលដ្ឋាននៅដែនដីកាស្មៀរ ដែលទីក្រុងញូវដេលី បានអះអាងថា ក្រុមឧទ្ទាមមូលដ្ឋាននៅប៉ាគីស្ថានជាអ្នកវាយប្រហារ ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានបញ្ជាក់ថា «ប៉ាគីស្ថាននៅតែច្រានចោលមិនព្រមទទួលស្គាល់ ។ វាច្បាស់ក្រឡែតណាស់ថា ការវាយប្រហារបែបនេះ នឹងធ្វើឲ្យពួកគេអាចចូលគ្រប់គ្រងទឹកដីតាមចិត្តលោភលន់» ។ លោកស្រីបញ្ជាក់ថា ដូច្នេះ យើងសូមផ្តាំផ្ញើទៅប៉ាគីស្ថានវិញថា ឲ្យបោះបង់ក្តីសុបិន្តបែបនេះទៅ ។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់លាស់ថា ដែនដី Jammu និងកាស្មៀរ ជាផ្នែកមួយដ៏ស្របច្បាប់របស់ឥណ្ឌា ហើយឥណ្ឌាជាម្ចាស់កម្មសិទ្ធិជានិច្ច ។
ដែនដីកាស្មៀរបានបែកខ្ញែកបែងចែកគ្នារវាងឥណ្ឌា នឹងប៉ាគីស្ថាន តាំងពីចក្រភពអង់គ្លេសបញ្ចប់អាណានិគមន៍ឆ្នាំ១៩៤៧មកម្ល៉េះ ។ ប្រទេសទាំងពីរបានផ្ទុះជម្លោះក្តុកក្ឌាំងទៅវិញទៅមកលើដែនដីជើងភ្នំហិមព្វាន និងបង្កផ្ទុះឲ្យមានសង្គ្រាមផ្ទុះឡើង២ដងរួចមកហើយ ៕ ថាច់ យ៉ាត