ខេត្តរតនគិរី៖ ជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី សហការគ្នាចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួននៅខេត្តរតនគីរី ក្រោយពីស៊ើបដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីលួចគោចំនួន៨ក្បាល របស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ ដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ព្រមទាំងបញ្ជូនទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៦។
ដើមចោមដំបូង ដែលបណ្តាលឲ្យមានការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះ គឺបានធ្វើឡើងក្រោយពីមានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើងកាលពីយប់រំលងអធ្រាត្ រឈានចូល ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៩ ជិតភោជនិយដ្ឋានយីហោ(សារុំ៣) ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រវាងរថយន្តកូរ៉េដឹកសត្វគោ មួយគ្រឿង បុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកហ្ស៊ីបបណ្តាលឲ្យមេបញ្ជាការងវរៈសេនាតូចលេខ០១ម្នាក់ បានស្លាប់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង រីឯអ្នកបើកបរដែលជាតៃកុងរថយន្តដឹកសត្វគោនោះបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ ។
ប៉ុន្តែក្រោយមានព័ត៌មានបានចុះផ្សាយពីរឿងគ្រោះថ្នាក់ចររាចរណ៍ បានកើតឡើងនៅខេត្តស្ទឹងត្រែងរួចមក ព័ត៌មាននោះបានដឹងដល់សមត្ថកិច្ចខេត្តព្រះវិហារ ក្រោយមកសមត្ថកិច្ចខេត្តព្រះវិហារក៍បានប្រាប់ទៅម្ចាស់សត្វគោ ដែលរស់នៅក្នុងមូលដ្ឋានរបស់គាត់ឲ្យបានដឹងព្រោះថានៅយប់កើតហេតុគ្រោះថ្នាក់ចររាចរណ៍នោះគឺជា យប់ដែលម្ចាស់គោបានមកប្តឹងសមត្ថកិច្ចថា គាត់បានបាត់សត្វគោ បន្ទាប់មកនៅថ្ងៃទី២៥ ខែ ឆ្នាំ ដដែល សមត្ថកិច្ចខេត្តព្រះវិហារ ក៍បានសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលជាតៃកុងរថយន្តកូរ៉េដឹងសត្វគោ ព្រមទាំង បញ្ជូនខ្លួនទៅខេត្តព្រះវិហារ វិញ ។
តៃកុងរថយន្តកូរ៉េដឹកសត្វគោ មានឈ្មោះ តឹក សុផល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាអ្នកស៊ីឈ្នួលបើករថយន្ត មានទីលំនៅភូមិ២ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ។
សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់អោយដឹងថា ក្រោយការសាកសួរបុរសដែលជាអ្នកបើកបររថយន្តដឹកសត្វគោនោះ
រួចមក សមត្ថកិច្ចខេត្តព្រះវិហារបានកំណត់មុខសញ្ញាបានយ៉ាង ច្បាស់លាស់ទើបធ្វើការសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តរតនគីរី ដើម្បី ឈានទៅឃាត់ខ្លួនជនសង្ស័យនៅខេត្តរតនគីរី ចំនួន៤នាក់បន្ថែម ទៀតដែលមានស្ត្រីជនជាតិខ្មែរអ៊ីស្លាមចំនួន២នាក់ ជាថៅកែរកស៊ី កាប់គោនិងបុរសម្នាក់គឺជាម្ចាស់រថយន្តកូរ៉េដឹកសត្វគោ ព្រមទាំង ព្រូឡានម្នាក់បន្ថែមទៀតផងដែរ។
បើតាមការបញ្ជក់ពីលោកមាស ពៅបូរ៉ាប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរដ្ឋានគរបាលខេត្តរតនគិរីបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ជាប់ពាក់ព័ន្ធករណីចោរកម្មលួចគោអ្នកភូមិនៅខេត្តព្រះវិហារត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ទី១ឈ្មោះ សៀវ វៀង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី ទី២ឈ្មោះ អ៊ាន់ វ៉ានី ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី ទី៣ឈ្មោះ អាត សំអាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅបច្ចុប្បន្នភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី ទី៤ឈ្មោះ ផាត បញ្ញា ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរមន្ត្រីកសិកម្ម មានទីលំនៅ បច្ចុប្បន្នភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ចំណែកព្រូឡានពុំស្គាល់អត្តសញ្ញណនោះទេ ដោយសារមានជំងឺបេះដូង ត្រូវបានដឹកបញ្ជូនទៅមន្ទីពេទ្យនៅភ្នំពេញ ។
លោកបានបន្តទៀតថា ជនសង្ស័យទាំង៤នាក់នេះ លោកបានប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន