ភ្នំពេញ៖ ពិតជារឿងមួយស្មានមិនដល់ ដែលមិត្តទ្រូស្តមិត្ត ហ៊ានធ្វើចិត្តស្មោគគ្រោកដល់ម្លឹង គ្រាដែលមិត្តម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងរុំរបួសនៅមន្ទីរពេទ្យ មិត្តភក្តិម្នាក់ទៀតមិនជួយឈឺឆ្អាលបែរជា ឆ្លៀតយកទូរស័ព្ទនិងម៉ូតូទៅបញ្ចាំយកលុយចាយទៅវិញ ។
ហេតុការណ៍កើតឡើងនៅយប់ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ភូមិ- សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយមិត្តទ្រូស្តមិត្ត(មិត្តស្រី)ម្នាក់នេះទើបតែសមត្ថកិច្ចខ្លួនបាននៅរសៀលថ្ងៃទី២៦ខែ កញ្ញា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុគឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែ គោលបំណងទៅជួបក្មេងស្រីសង្ស័យជាមិត្តភក្តិឈ្មោះភ័ណ្ឌ អាយុ ១៦ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ ភា ដើម្បី បបួលគ្នាចូលម៉ារិនក្លឹប ។ លុះដល់យប់ជ្រៅម៉ោងជិត១២ ជនរងគ្រោះបាន ចេញពីក្លឹប ហើយក៏បានបែកផ្លូវគ្នាជាមួយមិត្តភក្តិទាំងនោះ ដោយជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវលេខ៥៩៨ ម្ដុំដីលីហួរ តែម្នាក់ឯងចៃដន្យដួលម៉ូតូបណ្ដាលឲ្យរងរបួស។ស្របពេ លនោះឈ្មោះ ភា ដែលត្រូវជាមិត្តភ័ក្តិរបស់ក្មេងស្រីឈ្មោះ ភ័ណ្ឌ បានទូរស័ព្ទមកសួរជនរងគ្រោះថា ឯងដល់ផ្ទះហើយឫនៅ? ជនរងគ្រោះឆ្លើយថានៅទេ អញកំពុងដួលម៉ូតរងរបួស។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម ទើបជនសង្ស័យទាំងពីរនាក់បានមកដល់កន្លែងកើតហេតុ ហើយសម្រេចដឹកយកជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីព្យាបាល។
សមត្ថកិច្ចឲ្យដឹងទៀតថា នៅខណៈដែលជនរងគ្រោះកំពុង ទទួលការព្យាបាលរុំរបួសនោះនោះ ស្រាប់តែក្មេងស្រីសង្ស័យឈ្មោះភ័ណ្ឌ បានឆ្លៀតឱកាស យកទូរស័ព្ទដៃ១គ្រឿង និងម៉ូតូរបស់ជនរងញគ្រោះជិះចេញយកទៅបញ្ចាំបាត់ស្រមោលតែម្តង។លុះ រហូតមកដល់ថ្ងៃទី២៦ ខែកញ្ញា ជនរងគ្រោះទើបប្រទះឃើញឈ្មោះភ័ណ្ឌ ដើរតាមផ្លូវក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្ដងទៅ ។
បច្ចុប្បន្នក្មេងស្រីជាប់សង្ស័យរូបនេះកំពុងត្រូវបានណគរបាលប៉ុស្តិ៍ទួលសង្កែសាកសួរ ដើម្បីបញ្ជូនសំណុំរឿងទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការបន្ត ៕ ប្រាថ្នា