ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ក្រោយចេញពីក្លិបរាំកម្សាន្ត ត្រូវកម្លាំងនគរបាលអន្តរាគមន៍ពិសេសរាជធានីសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបន្ទាប់ពីឆែករកឃើញមានលាក់ទុកដុំថ្មនៅក្នុងកាបូបស្ពាយកាលពីវេលាម៉ោង១និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចម្ដុំសាលា រៀន យ៉ាម៉ាមិកូ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។
ជនសង្ស័យទី១-ឈ្មោះ គាំង ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិត ឆ្នាំទី១ ស្នាក់នៅផ្ទះជួលម្ដុំទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល, ទី២-ឈ្មោះ ជា ម៉េងសារ៉ាក់ អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅនិង ស្រុកកំណើតជាមួយគ្នាជនខាងលើនិង ទី៣-ឈ្មោះ ថៃ ទីណា អាយុ១៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅនិងស្រុកជាមួយគ្នាជនខាងលើ។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា មុនពលកើតហេតុកម្លាំងនគរបាលអន្តរាគមន៍រាជធានីសហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះល្បាតតាមមូលដ្ឋានដើម្បីទប់ស្កាត់និងកាត់បន្ថយបទល្មើសដែលកើតដោយជនខិលខូចមួយ ចំនួន។ ខណៈកំពុងតែល្បាតនោះស្រាប់តែឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌សពាក់ស្លាកលេខភ្នំពេញ 1FJ-0193 ជិះគ្នាបីនាក់។ ពេលនោះកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេរបានរកឃើញដុំឥដ្ឋ២ដុំនៅក្នុុងកាបូបស្ពាយរបស់ពួកគេទើបសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បី សួរនាំ។
បើតាមសម្ដីរបស់ជនសង្ស័យទាំង៣នាក់បានឲ្យដឹងថា មុនពេលកើតហេតុរូបគេទើបតែចេញមកពីក្លិបប្លូហ្សូននៅម្ដុំភ្នំពេញថ្មី ហើយក្រោយមកពួកគេបានជូនមិត្តភក្ដិម្នាក់ត្រឡប់មកផ្ទះវិញហើយក្រោយមកក៏បានជួបកម្លាំងសមត្ថកិច្ចឆែកឆេរនិងនាំខ្លួនពួកគាត់មក ដោយសារតែពួកគាត់មានលាក់ដុំឥដ្ឋនៅ ក្នុងកាបួបស្ពាយហើយដុំឥដ្ឋដែលគេទុក ក្នុងកាបូបនេះទុកសម្រាប់ការពារខ្លួនតែ ប៉ុណ្ណោះ។
ក្រោយពីធ្វើការសាកសួររួចមកអ្នកទាំង៣រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំចាត់ការតាមនីិតិវិធី៕ តុង សីហា