ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀននៅឯខេត្តកំពង់ស្ពឺធ្វើសកម្មភាពឆ្លងដែនមកខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនកាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល រឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២៨កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសជាមុខសញ្ញាជួញដូរគ្រឿងញៀននោះឈ្មោះ ហ៊ួន គឹមហ៊ាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀននៅឯភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឧស្សាហ៏ចេញ-ចូលធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិសាស្ត្រឃុំដំណាក់អំពិល កន្លងមកត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំណត់និងតាមដានដោយសម្ងាត់ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថាជនល្មើសរូបនេះចូលមកធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅភូមិថ្នល់ទទឹង ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដាក់កម្លាំងចាំឃ្លាំមើលឈានដល់ធ្វើការចាប់ខ្លួនជនល្មើសរួមជាមួយវត្ថុតាងថ្នាំញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ