ភ្នំពេញ ៖ ក្មេងទំនើង២ក្រុម គ្រាន់តែរឿងមើលមុខគ្នាបង្កជម្លោះរហូតឈានដល់កាប់ចាក់គ្នា ប៉ុន្តែត្រូវសមត្ថកិច្ចបាញ់គំរាម១គ្រាប់ឡើងលើឃាត់បាន៣នាក់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នឹង៤៥នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្ថិតក្នុងសង្កាត់កាកាប ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនប្រុសស្រី៣នាក់បានជិះម៉ូតូស្កុបពីឌុបគ្នា ហើយក៏បានជួបយុវជន១ក្រុមដោយពួកគេទាំងនោះបានស្រែកអោយថា មើលមុខស្អី ពេលនោះគេក៏បានជិះត្រឡប់ក្រោយវិញ ។ មួយសន្ទុះក្រោយមកក៏បានហៅបក្សពួកជាច្រើននាក់មក កើតមានរឿងឡើងគប់ដុំថ្មនិងប្រតាយប្រតប់ដេញកាន់គ្នាពេញដងផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ប៉ុន្តែបែរជាក្រុមក្មេងទំនើងទាំងនោះ យកកាំបិតបំណងកាប់មកលើសមត្ថកិច្ចទើបផ្ទុះអាវុធមួយគ្រាប់ឡើងលើគំរាមឃាត់បាន៣នាក់ភ្លាមៗ និងម៉ូតូ៣គ្រឿង ចំណែកបក្សពួកផ្សេងទៀតរត់គេចអស់។
ក្រោយមកក្មេងទំនើងទាំង៣នាក់ ដែលឃាត់ខ្លួនបានត្រូវសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ