ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖ ប្រជាកសិករផលិតពូជស្រូវ សែនក្រអូប នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបន្តត្អូញត្អែរលក់ស្រូវតម្លៃថោកជាដដែល ទន្ទឹមដែលក្រុមហ៊ុន ដែលប្រមូលទិញស្រូវតម្លៃថ្លៃ មានក្រុមការងារចុះទៅទិញស្រូវនៅមានកំរិត ទន្ទឹមដែលប្រជាកសិករកំពុងប្រមូលផលស្រូវយ៉ាងគំហុក ជាហេតុនាំឱ្យឈ្មួញកណ្តាលឆ្លៀតឱកាសចូលទៅទិញស្រូវ ប្រជាកសិករដែលក្រុមហ៊ុនទៅទិញ មិនទាន់ដល់ ដោយទិញពីប្រជាកសិករក្នុងតម្លៃថោក។ ជាងនេះទៅទៀតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ គេក៏សង្កេតឃើញប្រជាកសិករ និងឈ្មួញកណ្តាល ក៏បាននាំគ្នាសម្រុកដឹកស្រូវតាមរថយន្តធុនធំ និងតាមគោយន្តយកទៅលក់នៅក្រុមហ៊ុនមួយកន្លែងក្នុងស្រុកថ្មគោលមានឈ្មោះ ហ្គោលឌិន រ៉ាយ មៀល ដែលទិញស្រូវក្នុងតម្លៃថ្លៃ១គីឡូក្រាម ៨៤០រៀលបង្កកកស្ទះនៅខាងមុខក្រុមហ៊ុនប្រជាកសិករដែលទៅលក់ស្រូវអ្នកខ្លះបានដេករងចាំលក់ស្រូវពី១ទៅ២យប់ភាព រាំងស្ទះគឺគេនិយាយថាមកពីឡសំងួតក្នុង១ថ្ងៃបញ្ចេញបានត្រឹម៥ពាន់តោនគ្រាដែលឈ្មួញនិងប្រជាកសិករសម្រុកដឹកយកមកលក់ក្នុង១ថ្ងៃរាប់ពាន់តោន ។
ពាក់ព័ន្ធការប្រមូលទិញស្រូវ លោក អ៊ឹង ប៊ុនម៉ៅ តំណាងក្រុមហ៊ុនប៉ៃតងរបស់លោក ឧកញ៉ាភូពុយប្រាប់ឱ្យដឹងថា ក្រុមហ៊ុនលោកនៅតែរក្សាគោលការទិញស្រូវរបស់ប្រជាកសិករ ក្នុងតម្លៃ១គីឡូក្រាម ៧បាតដដែល ។លើកលែងតែស្រូវប្រជាកសិករដែលអន់ទើបយើងទិញ ក្នុងតម្លៃផ្សេងទៀត។
លោកបញ្ជាក់ទៀតថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុនលោក គឺធ្វើឡើងតាមផែនការ ដាក់តាមគោលដៅ ក្នុងស្រុក ឃុំ ដោយឱ្យអាជ្ញាធរប្រមូលប្រជាពលរដ្ឋនាំគ្នាយកស្រូវមកលក់ ក្នុង១ថ្ងៃក្រុមហ៊ុនបានប្រមូលទិញស្រូវយ៉ាងហោចណាស់ជាង៣០០តោន សម្រាប់នៅខេត្តបន្ទាយមានជ័យ ។ពាក់ព័ន្ធនិងប្រជាកសិករចោទថាលក់ស្រូវតម្លៃថោកគឺប្រជាកសិករប្រហែលលក់ឱ្យឈ្មួញកណ្តាល។
ប្រជាកសិករនៅភូមិអន្លង់មានទ្រព្យ ភូមិប្រឡាយលួងក្រោម ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរីប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នេះថា ពួកគាត់មិនទាន់ឃើញ ក្រុមហ៊ុនដែលប្រមូលទិញស្រូវតម្លៃថ្លៃចុះមកទិញក្នុងមូលដ្ឋានរបស់ពួកគាត់នោឡើយនោះទេ ។ស្រូវប្រមូលផលបានហើយលក់ឱ្យឈ្មួញកណ្តាល ក្នុងតម្លៃ១គីឡូក្រាម៥៨បាតទៅ៦១បាត ប៉ុណ្ណោះ ការទិញស្រូវរបស់ក្រុមឈ្មួញកណ្តាលក្នុងតម្លៃនេះគឺធ្វើឱ្យពលរដ្ឋប្រឈមនៅការលំបាកជាដដែល។
ចំណែកពាក់ព័ន្ធនិងការបញ្ចេញប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន២០លាន់ដូល្លា និងប្រាក់ធនាគារអភិវឌ្ឍន៍ជនបទ៧លានដូល្លាទៀត ដើម្បីយកទៅទប់ទល់ជាមួយនិងតម្លៃស្រូវស្រូវចុះថោកត្រូវបានម្ចាស់រោងម៉ាស៊ិនស្រូវមួយចំនួនខ្វះទុនប្រមូលទិញស្រូវ មិនហ៊ានខ្ចីប្រាក់ទាំងនោះប្រើប្រាស់នោះទេ។ដោយសារតែការឱ្យខ្ចីប្រាក់មានរយៈពេលខ្លី ត្រូវសងទៅវិញ ដោយខ្លាចបង្វិលដើមទុនសងទៅធនាគារវិញមិនទាន់ ។ ធនាគារដាក់លក្ខណ្ឌឱ្យរោងម៉ាស៊ីនស្រូវដែលចង់ខ្ចីប្រាក់ត្រូវយកស្រូវចំនួន១០០តោន មករក្សាទុកនៅធនាគារស្រូវនោះសិន និងឱ្យប្រាក់ខ្ចីក្នុងម្លៃទិញស្រូវ៧០តោនប៉ុណ្ណោះ ហើយតម្រូវឱ្យទិញស្រូវប្រជាកសិករមិនឱ្យក្រោមក្នុង១គីឡូក្រាម៨០០រៀលនោះទេ ទន្ទឹមដែលតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះ។សេចក្តីរាយការណ៍ឱ្យដឹងថាមកដល់ពេលនេះមានម្ចាស់រោងម៉ាស៊ីនស្រូវតិចតួចប៉ុណ្ណោះនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងទៅខ្ចីប្រាក់ពីធគារអភិវឌ្ឍន៍ជនបទយកទៅប្រើប្រាស់ ។
បញ្ហានេះលោក មិត្ត ប៊ុន ប្រធានឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ ប្រាប់ឱ្យដឹងថា លក្ខខណ្ឌរបស់ធនាគារគឺតម្រូវម្ចាស់រោងម៉ាស៊ីនស្រូវយកស្រូវ១០០តោន មកតំកលទុកជាគោលការបស់ធនាគារ ដោយសម្រួលមិនឱ្យគាត់យកប្លង់ដីទៅដាក់ធនាគារ ហើយធនាគារយកក្នុងអត្រាការប្រាក់៧ភាគរយប៉ុណ្ណោះ។លោកប្រាប់ឱ្យដឹងទៀតថា មកដល់ពេលនេះមានម្ចាស់រោងម៉ាស៊ីនស្រូវ២ទៅ៣នាក់ប៉ុណ្ណោះមកខ្ចីប្រាក់ពីធនាគារ។
លោកបញ្ជាក់ឱ្យដឹងទៀតថា ប្រាក់កំចីរបស់ធនាគារគឺមានរយៈពេលខ្លីធ្វើក្នុងតំណាក់កាលនៃការប្រមូលទិញស្រូវសែនក្រអូបរបស់ប្រជាកសិករនៅពេលនេះប៉ុណ្ណោះយ៉ាងហោចណាស់ទុកពេលវេលា៦ខែ។ប៉ុន្តែបញ្ហានេះខាងធនាគារនិងត្រូវពិនិត្យសិក្សាជាក់ស្តែងបន្ថែមទៀត ទៅលើបញ្ហាប្រឈម របស់ម្ចាស់រោងម៉ាស៊ីនស្រូវ ៕ សំ វិច្ឆិកា