នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ខ្យល់ព្យុះកម្លាំងខ្លាំង Chaba បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ជប៉ុន បន្ទាប់ពីវាបានវាយប្រហារកូរ៉េខាងត្បូង ដែនកោះរមណីយដ្ឋានបណ្តាលឲ្យទឹកជំនន់លិចផ្លូវ និងលុបចោលជើងហោះហើរជាច្រើនជើង ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបញ្ជាក់ថា នៅពេលនេះ Chaba បាននិងកំពុងឆ្ពោះទៅកាន់ ភាគឦសានដែនកោះ Tsushima ភាគខាងត្បូងដែនកោះ Kyushu ដ៏ធំរបស់ជប៉ុន ដោយមានល្បឿន១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។
ឧតុនិយមជប៉ុនប្រកាសព្រមានផងដែរអំពីរលកសមុទ្រធំៗកើតឡើង ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់គ្របដណ្តប់តំបន់ធំទូលាយភាគខាងលិចប្រទេសជប៉ុន ។
ខ្យល់ព្យុះនេះបានវាយប្រហារនៅកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃពុធ លើតំបន់រមណីយដ្ឋាន Jeju ធ្វើឲ្យលំនៅឋានច្រើនខ្នងពុំមានចរន្តអគ្គិសនីប្រើប្រាស់ ភ្លៀងធ្លាក់ខ្លាំង បង្កទឹកជំនន់ជន់លិចផ្លូវ ហើយជាងនេះទៀត ជើងហោះហើរច្រើនជើងត្រូវលុបចោល ។ នៅល្ងាចពុធ ខ្យល់ព្យុះ Chaba បានបាក់បោកចូលទឹកដីជប៉ុន មុនពេលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកនាថ្ងៃព្រហស្បតិ៍ ។
ទីភ្នាក់ងារយ៉ន់ហាប់ បានផ្សាយថា លំនៅឋានពលរដ្ឋនៅតំបន់រមណីយដ្ឋាន Jeju ជាង២៥.០០០ខ្នងរងផលប៉ះពាល់ ដាច់ចរន្តអគ្គិសនី ខណៈដែលនៅរដ្ឋធានី Busan សាលារៀន៩០០ខ្នងត្រូវបិទទ្វារ ។
ជាមួយគ្នានេះ អ្នកធ្វើដំណើរតាមទូក៦នាក់ត្រូវរលកធំបក់បោកយកទៅនៅភាគខាងត្បូងកំពង់ផែ Yeosu ។ ជនរងគ្រោះត្រូវសង្គ្រោះបានទាន់ពេលផងដែរ ៕ ថាច់ យ៉ាត