ខេត្តកំពត៖ អាជ្ញាធរខេត្តកំពតហាក់ដូចជាធ្វើមិនដឹង មិនឮចំពោះករណីដែលបាននិងកំពុងកើតឡើងទៅលើព្រៃតំបន់លិចទឹកក្នុងឃុំជុំគ្រាល ស្រុកទឹកឈូ ខណៈដែលប៉ុន្មានថ្ងៃកន្លងមកនេះ សកម្មភាពនៃការបោះរបងកាន់កាប់ដីព្រៃលិចទឹក(ព្រៃកោងកាង) បាននិងកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះ ។ ប្រជាពលរដ្ឋនិយាយថា សកម្មភាពអនាធិបតេយ្យច្រើនប្រភេទបានកើតឡើងនៅក្នុងមូលដ្ឋានខេត្តកំពត ព្រោះតែការដឹកនាំរបស់អាជ្ញាធរខេត្តខ្សោយ ។
ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃនេះចលនាច្បាមយកដីព្រៃលិចទឹក (ព្រៃកោងកាង) ដែលត្រូវបានគេអភិរក្សជាជម្រកត្រីពងកូនបាននិងកំពុងកើតមានឡើងវិញអំឡុងរដូវភ្ជុំបិណ្ឌ បន្ទាប់ពីមានការរឹតត្បិត នារយៈពេលកន្លងមកនោះ។
ក្រុមអ្នកភូមិបានលើកឡើងថា ផ្ទៃដីជាច្រើនហិកតា នៅតាមបណ្តោយឆ្នេរព្រែក ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ត្រូវបានអ្នកមានអំណាចបោះបង្គោលព័ទ្ធយកយ៉ាងអនាធិបតេយ្យ ចំណែកសមត្ថកិច្ច និងអាជ្ញាធរហាក់ដូចជាពុំមានវិធានការទប់ស្កាតឡើយ។
ប្រភពពីប្រជាពលរដ្ឋបានបន្តថា តំបន់ព្រៃលិចទឹកទាំងនេះ កន្លងទៅធ្លាប់ត្រូវបានគេប៉ុនប៉ងបំផ្លាញជាច្រើនដង ក៏ប៉ុន្តែត្រូវបានអាជ្ញាធរ និងជំនាញទប់ស្កាត់ទាន់ពេលវេលា ដោយមានការលើកបង្គោលស្លាកហាមឃាត់ តែប៉ុន្មានថ្ងៃ នៃពិធីបុណ្យភ្ជំបិណ្ឌនេះ ស្រាប់តែមានក្រុមកម្មកររាប់រយនាក់ បានមកវាយកំទេចផ្លាកសញ្ញាហាមឃាត់នោះចោល ហើយស្ទុះស្ទារបោះបង្គោល និងព័ទ្ធរបងយកយ៉ាងប្រញ៉ាប់ប្រញ៉ាល់។
លោក អ៊ុក ឡាយ អភិបាលស្រុកទឹកឈូថ្លែងប្រាប់អ្នកកាសែតថា លោកមិនទាន់បានដឹងពីករណីនេះនៅឡើយទេ ព្រោះមិនទាន់មានអ្នករាយការណ៍។
រីឯលោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានមានប្រសាសន៍ដោយទទួលស្គាល់ថា ពិតជាមានការព័ទ្ធរបងយកដីព្រៃលិចទឹកតំបន់នោះមែន តែរឿងនេះសូមសួរខាងជំនាញបរិស្ថាន និងដែនដី ទើបដឹងច្បាស់។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត មិនអាចសុំការបំភ្លឺបានទេដោយសារទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល ។
បើតាមប្រជាពលរដ្ឋអះអាងថា អភិបាលខេត្តកំពត ដែលឡើងកាន់តំណែងយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរពីប្រធានមន្ទីរកសិកម្មទៅជាអភិបាលរងខេត្តក្នុងរយៈពេលមិនដល់មួយសប្តាហ៍បានឡើងជាអភិបាលខេត្តនោះ គាត់គ្មានសមត្ថភាពគ្រប់គ្រាន់ នឹងធ្វើកិច្ចការនេះទេ ។ ហេតុដូច្នេះហើយ ទើបបានជាភាពអនាធិបតេយ្យដូចករណីខាងលើនេះបានកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះ ៕ ហេង សូរិយា