ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធចាប់សក់បោចភ្ងើយយកកាំបិតអាក ទ្រាំមិនបានទាញកូនកាំបិតចាក់វិញ ស្លាប់សង្ស័យរឿងប្រចណ្ឌ  

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អំពើហិង្សាក្នុងគ្រួសារ ប្តីប្រពន្ធវ័យចំណាស់មួយគូរ បានឈានដល់ចាក់សម្លាប់គ្នា បណ្តាលឲ្យប្រពន្ធស្លាប់មួយរំពេច ក្នុងថ្លុកឈាម រីឯប្តីរងរបួសធ្ងន់ គ្រាដែលព្យាយាមចាក់ពោះចេញពោះវៀន ដើម្បីស្លាប់តាមប្រពន្ធ។

ករណីជម្លោះដ៏ស្រួចស្រាវឈានដល់សម្លាប់គ្នា រវាងប្តីប្រពន្ធវ័យ ចំណាស់នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង- ខេត្តបាត់ដំបង។

បើយោងតាមក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា ប្រពន្ធដែលត្រូវប្តីចាក់ស្លាប់ ឈ្មោះ សៀង គុណ អាយុ៦៧ឆ្នាំ រីឯប្តីដែលរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្ត ឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ មានមុខរបរបកប្រែភាសាចិន និងនាំភ្ញៀវ ( មគ្គុទេស )។

បើតាមសមត្ថកិច្ចនគរបាលយុតិ្តធម៌ក្រុងបាត់ដំបងបានដកស្រង់សម្តី ជនរងរបួសជាប្តីនៅក្នុងមន្ទីរ ពេទ្យប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ (ប្តី) បានយកទូរស័ព្ទដាក់សាកថ្ម ទុកទំនាក់ទំនងភ្ញៀវ នៅពេលនោះ ប្រពន្ធបានរករឿងជេរបញ្ចោរ រួចស្រែកបណ្តេញគាត់ឲ្យចេញពីផ្ទះ។ នៅគ្រានោះ រូបគាត់ក៏បានតមាត់ទៅវិញបន្តិចបន្តួច ស្រាប់តែប្រពន្ធរបស់ខ្លួន ស្ទុះមកចាប់បោចសក់ និងយកកាំបិតតាំងតោ មកអាកធ្វើឲ្យរូបគាត់ឈឺ ទើបទាញកូនកាំបិតចុងស្រួចចិតបន្លែចាក់ ទៅលើប្រពន្ធវិញចំត្រង់ពោះ ហើយបានប្រតាយប្រតប់គ្នា ទៅវិញទៅមក។ បន្ទាប់មកខ្លួនឃើញប្រពន្ធ ដួលដេកទៅឥដ្ឋ ក្នុងបន្ទប់មានឈាមហូរយ៉ាងច្រើន ហើយក៏បានដាច់ខ្យល់ស្លាប់តែម្តង។

មន្ត្រីដដែលបានដកស្រង់សម្តីជនសង្ស័យជាប្តី មកបញ្ជាក់ថា នៅពេលដែលគាត់ឃើញប្រពន្ធ ស្លាប់បែបនេះ ក៏មានតូចចិត្ត ក៏ទាញយកកូនកាំបិតចុងស្រួច ដែលចាក់ប្រពន្ធនោះ មកចាក់ខ្លួនឯងវិញ ត្រង់ពោះ រួចវះពោះឲ្យចេញពោះវៀន ក្នុងបំណងស្លាប់តាមប្រពន្ធដែរ តែត្រូវបានអ្នកជិតខាងជួយ។

បើតាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ និងអ្នករស់នៅជិតខាងឲ្យដឹងថា រយៈកាលកន្លងមក និងស្ទើរាល់ថ្ងៃ ស្ត្រីរងគ្រោះតែងតែរករឿងឈ្លោះប្រកែកជាមួយប្តីមិនឈប់ឈរ ហើយពេលឈ្លោះ ប្រកែកគ្នានោះ ប្តីប្រពន្ធវ័យចំណាស់នេះ និយាយតែភាសាចិនប៉ុណ្ណោះ។ ស្ត្រីរងគ្រោះត្រូវបានគេ ឲ្យងារ ជាប្រពន្ធមានចរិកកាចឆ្នាស និងតែងតែប្រើហឹង្សាមកលើប្តីជាច្រើនលើកច្រើនសារមកហើយ។ នេះបើតាមការបញ្ជាក់ពីបុរសជាប្តី តែគាត់មិនដែលតបត ជាមួយប្រពន្ធនោះទេ រហូតមានទាំងអ្នកជិតខាង និងកូនចៅនិយាយណែនាំមិនព្រមស្តាប់ទៀតផង។

បើតាមប្តីបានរៀបរាប់ទៀតថា នៅមុនពេលកើតហេតុ  ប្រពន្ធរបស់គាត់បានជេរបញ្ចោរខ្លាំងៗ ឲ្យគាត់ចេញពីផ្ទះ ក៏ប៉ុន្តែដោយសារគាត់មិនព្រមចេញ ក៏ត្រូវប្រពន្ធចាប់សក់បោចភ្ងើយឡើងលើ រូចយកកាំបិតអាក ឲ្យមានស្នាមរបួសទៀតផង ហើយដោយសារឈឺ និងមានចិត្តខឹងទប់កំហឹងមិនបាន គាត់ក៏យកកូនកាំបិតចុងស្រួច ចាក់បណ្តាលឲ្យស្លាប់តែម្តងទៅ។

បើតាមការសន្និដ្ឋានបឋម និងផ្អែកតាមការរៀបរាប់របស់ប្តីខាងលើនេះ ករណីប្រពន្ធជេរប្តី រួចបណ្តេញចេញពីផ្ទះ ហើយនាំឲ្យមានការចាក់សម្លាប់គ្នានេះ អាចបណ្តាលមកពីប្រពន្ធប្រច័ណ្ឌប្តី។

តាមប្រភពនៅកន្លែងកើតហេតុ គេបានបង្ហើបឲ្យដឹងថា ជនសង្ស័យជាប្តី ជាកំលោះចាស់ និងស្ត្រីរងគ្រោះជាប្រពន្ធ ទើបនឹងរៀបការជាមួយនឹងគ្នាបានជាង១ឆ្នាំប៉ុណ្ណោះ។ប្តីស្ត្រីរងគ្រោះ មុនគឺជាបងប្រុសបង្កើតជាមួយនឹងជនសង្ស័យ ដោយគាត់( ប្តីមុន ) បានទទួលមរណភាព ដោយជំងឺ។

ប្រភពពីសមត្ថកិច្ចក៏បានឲ្យដឹងដែរថា ករណីមនុស្សឃាតប្តីចាក់សម្លាប់ប្រពន្ធនេះ កូនៗស្ត្រីរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង ជនសង្ស័យជាប្តីនោះទេ។ ក៏ប៉ុន្តែយោងតាមច្បាប់ បើទោះជាក្រុមគ្រួសារមិនមានបណ្តឹងក៏ដោយ ជនសង្ស័យត្រូវជាប់បណ្តឹងអាជ្ញាពាក់ព័ន្ធបទសម្លាប់មនុស្ស ត្រូវផ្តន្ទាទោស និងចាត់ការទៅតាមផ្លួវច្បាប់៕ សំ វិច្ឆកា

3 1 2


ចែករំលែក៖