ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះក្នុងអំពើហិង្សាដែលបង្កឡើង ដោយក្រុមក្មេងស្ទាវមួយហ្វូង បានសំដែងនូវការមិនសប្បាយចិត្ត និង អស់ជំនឿទៅលើសមត្ថកិច្ចនិងមន្រ្តីច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានដោះលែងជនដៃដល់និងគូកនដែលបានព្រួតគ្នាវាយមកលើពួកគេ បណ្តាលអោយរងរបួសធ្ងន់និងស្រាល នៅក្នុងពិធីរាំធុងបាស់ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ថា ជនរងគ្រោះពីរនាក់ត្រូវក្រុមក្មេងស្ទាវមួយហ្វូងព្រួតគ្នាវាយ បណ្តាលអោយរងរបួសធ្ងន់និងស្រាល ក្នុងនោះម្នាក់ឈ្មោះ សួន ម៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងរងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះម៉ា គង់សំអឿន ភេទប្រុស អាយុយ៣៥ឆ្នាំ រស់ភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរងរបួសស្រាល ។
ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគេជាអ្នកចំងាយ បាននាំក្រុមគ្រួសារទៅធ្វើបុណ្យ និង ទៅលេងនៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ដែលនៅទីនោះ មានដាក់ធុងបាស់រាំលេងកំសាន្តផងដែរ ។
ជនរងគ្រោះបានអោយដឹងទៀតថា នៅមុនពេលកើតហេតុពួកគេបានចូលទៅរាំបទរាំវង់បានមួយបទបន្ទាប់មកទៀតគេចាក់បទញាក់ ក៏បាននាំគ្នារាំបន្តទៀត ។ ក្នុងពេលនោះស្រាប់តែក្រុមក្មេងទំនើងមួយក្រុម ដែលគេស្គាល់ថាជាជើងខ្លាំងនៅក្នុងភូមិស្រុកនេះ បានព្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះសួន ម៉ា បណ្តាលអោយរងរបួសធ្ងន់រហូតដល់សន្លប់បាត់ស្មារតី ។ ឃើញដូចនេះឈ្មោះម៉ា គង់សំអឿន បានស្ទុះចូលទៅជួយ ក៍ត្រូវបក្ខពួកក្រុមបង្ករគប់ត្រូវ៣ដំថ្មរងរបួសស្រាល ។
បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នារត់ឡើងទៅលើកុដិលោកដែលស្ថិតនៅក្បែរនោះហើយក្រុមប្រជាការពារភូមិ និងក្រុមគ្រួសារជនរងគ្រោះបានព័ទ្ធកុដិនោះមិនអោយក្រុមជនបង្គររត់ទៅណាឡើយនិងបានទូរស័ព្ទប្តឹងទៅសមត្ថកិច្ចអោយជួយន្តរាគមន៍ ។ ពេលសមត្ថកិច្ចមកដល់ក៍មិនហានចូលទៅឃាត់ជនបង្ករទៀត ព្រោះដឹងថាក្រុមក្មេងទំនើងទាំងនេះសាហាវខ្លាំងណាស់ ប៉ុន្តែដោយសារក្រុមគ្រួសារជនរងគ្រោះនៅទីនោះដែរ បាននាំគ្នាសម្រុកចូលទៅចាប់បានជនបង្ករចំនួន៨នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
ជនដៃដល់និងគូកនទាំង៨នាក់ ត្រូវបានគេបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៣ ខែតុលា ស្រាប់តែនៅព្រឹកថ្ងៃទី៥ ខែតុលានេះ ត្រូវបានគេដោះលែង៦នាក់ទៅវិញ រួមទាំងជនដៃដល់២នាក់ផងដែរ ។ ដោយឡែក២នាក់ទៀត ត្រូវបានគេបញ្ជូនទៅកាន់សាលាដំបូង ក្រោយពីសាកសួរអស់រយៈពេលពេញមួយព្រឹក ត្រូវបានគេបញ្ជូនត្រឡប់មកកាន់ស្នងការដ្ឋាននគរបាលខេត្តវិញ ដែលគេនៅមិនទាន់ដឹងថា ជនទាំងពីរនាក់នេះ ត្រូវឃុំខ្លួនឬ ក៍ត្រូវដោះលែងជាបន្តទៀតនោះទេ ។
ជនរងគ្រោះក្នុងអំពើហឹង្សានេះបានអោយដឹងទៀតថា ពួកគាត់បានចំណាំមុខច្បាស់ណាស់ក្នុងចំណោម៨នាក់ដែលឃាត់ខ្លួនបាន មាន៣នាក់ជាជនដៃដល់ ឥឡូវជនដៃដល់២នាក់ត្រូវបានគេដោះលែង នៅសល់តែជនដៃដល់ម្នាក់និងគូកនម្នាក់ទៀត ដែលគេមិនទាន់ដោះលែង ក្នុងខណៈពេលដែលជនរងគ្រោះម្នាក់ឈ្មោះសួន ម៉ា ដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ។
ជនរងគ្រោះបានសំណូមពរដល់ក្រសួងយុត្តិធម៌ និង ក្រសួងមហាផ្ទៃមេត្តាជួយ អន្តរា គមន៍ចាប់ខ្លួនជនដៃដល់និងគូកនដែលត្រូវគេដោះលែងនោះមកវិញ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ និង ផ្តល់យុត្តិធម៌ដល់ពួកគាត់ដែលជាជនរងគ្រោះផង ៕ ចន្ថា