អំពើអាក្រក់ពាក់ព័ន្ធរឿងអាស្រូវពុករលួយរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ដឹកនាំដោយលោក មាស ប៊ុនធឿន ហៅម៉ែល ត្រូវបានប្រព័ន្ធ ផ្សព្វផ្សាយចុះផ្សាយជាបន្តបន្ទាប់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់មិនទាន់ចាត់វិធានការលើមន្ត្រីខិលខូចដូចជា លោក មាស ប៊ុនធឿន ហៅម៉ែល និងបក្ខពួកដែលប្រើអំណាចជំរិតយកលុយពីប្រជានេសាទតាមអំពើចិត្តនោះទេ។ ហេតុនេះហើយដែលនាំឲ្យមានការសង្ស័យថា លោក សារុន ចាន់ធី ទំនងជាទទួលបានផលប្រយោជន៍ពីក្រុមលោក មាស ប៊ុនធឿន និងបក្ខពួក ទើបបណ្ដោយឲ្យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់មួយក្រុម នេះធ្វើអ្វីៗតាមអំពើចិត្ត។
ថ្មីៗនេះមានលេចឮរឿងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ដែលប្រើអំណាចចុះទៅគំរាមកំហែងប្រជានេសាទដែលហ៊ានលាតត្រដាងអំពើអាក្រក់ របស់ពួកគេរហូតដល់មានប្រជាពលរដ្ឋប្រមាណ២០នាក់ហើយដែលដកខ្លួនចេញ ពីពាក្យបណ្ដឹងដោយលុបស្នាមមេដៃវិញ។ ចំពោះបញ្ហានេះអគ្គស្នងការនគរបាលជាតិគួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ពោធិ៍សាត់ដឹកនាំដោយឈ្មោះ មាស ប៊ុនធឿន ហៅម៉ែល កំពុងព្យាយាមបិទបាំងអំពើអាក្រក់របស់ខ្លួនយ៉ាងក្រអឺតក្រទម។ ដោយហេតុថាក្រុមលោក មាស ប៊ុនធឿន មិន អនុវត្តតាមតួនាទីរបស់ខ្លួនក្នុងការបង្ក្រាបបទល្មើសសេដ្ឋកិច្ចនោះទេ ហើយបែរជាប្រើ អំណាចទៅជំរិតទារលុយពីប្រជានេសាទក្នុងតំបន់បឹងទន្លេសាបនៃខេត្តពោធិ៍ សាត់យ៉ាងងងើលទៅវិញ ។
រឿងអាស្រូវពុករលួយរបស់ក្រុមលោក មាស ប៊ុនធឿន ហៅម៉ែល ត្រូវបានបើកកកាយជាសាធារណៈនៅពេលដែលក្រុមនេះដើរជំរិតយកប្រាក់ពីប្រជានេសាទតាមដងទន្លេសាបក្នុងទឹកដីខេត្តពោធិ៍សាត់ក្នុងមួយគ្រួសារចាប់ពី៣លានទៅ៩លានរៀល ហើយគ្រួសារខ្លះដែលនេសាទទ្រង់ទ្រាយធំត្រូវបង់ដល់ទៅ១៨លានរៀល ។
ការជំរិតយកលុយយ៉ាងហួសហេតុបែបនេះធ្វើឲ្យប្រជានេសាទអត់ធ្មត់តទៅទៀតលែងបាន ហើយរៀបចំពាក្យបណ្ដឹងប្រឆាំងក្រុមលោក មាស ប៊ុនធឿន ហៅម៉ែល ទៀតផង។ ប៉ុន្តែរហូតមកដល់ពេលនេះលោក សារុន ចាន់ធី ស្នងការនគរបាលខេត្ត ពោធិ៍សាត់បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះអំពើអាក្រក់របស់មន្ត្រីក្រោមឱវាទខ្លួន។ ហេតុនេះហើយទើបក្រុមលោក មាស ប៊ុនធឿន កំពុងគំរាមកំហែងទៅលើប្រជានេសាទដែលហ៊ានលាតត្រដាងអំពើអាក្រក់របស់ពួកគេយ៉ាងកំរោល ៕