ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំដាក់ទណ្ឌកម្មមេប្រយោគ៩រូប​ដែលមានកំហុសឆ្គងពេលប្រឡងបាក់ឌុប

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីទណ្ឌកម្មខាងវិន័យចំពោះបុគ្គលិកអប់រំ៩រូប ដែលបានប្រព្រឹត្តកំហុសឆ្គងនៅក្នុងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២២ សីហា ២០១៦ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង អប់រំកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹថា អង្គប្រជុំក្រុមប្រឹក្សាវិន័យរបស់ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យនិងសម្រេចដាក់ទណ្ឌកម្មខាងវិន័យចំពោះ គណៈមេប្រយោគចំនួន៩រូបដែលបាន ប្រព្រឹត្តកំហុសឆ្គងក្នុងការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី២២ សីហា ២០១៦ កន្លងទៅនេះ ដោយស្របតាមទណ្ឌកម្មខាងវិន័យថ្នាក់ទី១និងថ្នាក់ ទី២ ដែលមានចែងនៅក្នុងច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសលេខ ៧២៧ អយក.ប្រក ស្តីពីការកម្រិតវិន័យ ចំពោះបុគ្គលិកអប់រំក្នុងការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិទាំងនៅក្នុង ដំណើរការសំណេរ កំណែ និងដំណើរការស្រង់បូកដោយកុំព្យូទ័រ ។

ប្រភពដដែលបញ្ជាក់ថា បុគ្គលិកអប់រំ ទាំង៩រូបដែលបានប្រព្រឹត្តកំហុសក្នុងនោះ ឲ្យអ្នកដទៃបំពេញភារកិច្ចជំនួស១ករណីយកចូលនិងប្រើប្រាស់ទូរស័ព្ទខុសពីគោល ការណ៍កំណត់៣ករណី ទទួលប្រាក់ពីបេក្ខ ជន១ករណី បំពេញភារកិច្ចដោយខ្វះស្មារតីទទួលខុសត្រូវ៤ករណីត្រូវទទួលទណ្ឌកម្មខាងវិន័យនូវចំណុចណាមួយ ឬច្រើនដូច តទៅ៖

ស្តីបន្ទោសដោយផ្ទាល់មាត់ពីថ្នាក់ដឹកនាំអង្គភាព, ស្តីបន្ទោសជាលាយលក្ខណ៍ អក្សរដោយក្រសួង, ស្តីបន្ទោសជាលាយលក្ខណ៍អក្សរដោយក្រសួង និងចំណារលើសំណុំលិខិតដោយប្រធានអង្គភាព, ផ្អាក មិនឱ្យចូលរួមក្នុងការប្រឡងគ្រប់ប្រភេទ១ឆ្នាំ, ផ្អាកមិនឱ្យចូលរួមក្នុងការប្រឡងគ្រប់ប្រភេទ២ឆ្នាំ, បញ្ឈប់មិនឱ្យចូលរួមក្នុងការប្រឡងគ្រប់ប្រភេទចាប់ពីឆ្នាំ២០១៧, លុប ឈ្មោះចេញពីតារាងដំឡើងថ្នាក់មួយថ្នាក់ និងបន្ថយថ្នាក់ចំនួន២ថ្នាក់ផងដែរ ៕ ហេង សូរិយា


ចែករំលែក៖