ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញបានរអ៊ូរទាំថា ក្នុងតំបន់ពួកគាត់រស់នៅមានបញ្ហាជាច្រើនមិនទាន់ដោះស្រាយឲ្យបានជ្រះស្រឡះ ។ ពួកគាត់មានកង្វល់ដូចជារងការខូចខាតផ្លូវ ការចុះបញ្ជីសមាជិកក្នុងគ្រួសារ បរិស្ថានគ្រឿងញៀន
សំណើកាប់បែកឈើធំៗនៅតាមផ្លូវសាធារណៈដែលបង្កហានិភ័យដល់អ្នកធ្វើដំណើរ និងអ្នករស់នៅក្បែរ ភាពមិនប្រក្រតីធ្វើអត្តសញ្ញាណប័ណ្ណការសង់សំណង់ រំលោភផ្លូវសាធារណៈខ្សែភ្លើងអគ្គិសនីជាដើម ។
ការលើកឡើងរបស់ប្រជាពលរដ្ឋនេះធ្វើឡើងក្នុងវេទិកាសាធារណៈដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៦នៅមជ្ឈមណ្ឌលកោះពេជ្រដោយ មានការចូលរួមពីលោក ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
តំណាងប្រជាពលរដ្ឋតាមសង្កាត់ នីមួយៗទូទាំងខណ្ឌបានលើកឡើងថា ផ្លូវថ្នល់ក្នុងមូលដ្ឋានរបស់ខ្លួនបាននិងកំពុងជួប បញ្ហាដោយសារហេដ្ឋារចនាសម្ព័ន្ធទាំងនោះខូចខាតខ្លាំង និងដោយសាររថយន្តធំៗ ធ្វើចរាចរណ៍ឆ្លងកាត់។ ម្យ៉ាងទៀតនៅក្នុង តំបន់របស់ខ្លួនក៏មិនទាន់បង្រ្កាបឲ្យមាន ប្រសិទ្ធភាពបញ្ហាគ្រឿងញៀនដែលបង្កឲ្យមានការភ័យខ្លាចក្នុងមូលដ្ឋាន។ ដោយ ឡែកលើបញ្ហាអត្តសញ្ញាណប័ណ្ណដែលខុសហើយអាជ្ញាធរមានភាពយឺតយ៉ាវក្នុងការប្តូរជូនវិញ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា រាល់ បញ្ហាទាំងនេះពួកគាត់បានស្នើទៅអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសាហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនោះទេ។
លោក ប៉ា សុជាតិវង្ស ជំរុញឲ្យអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាខាងលើនេះក្នុងករណីដោះស្រាយបាននៅនឹងកន្លែង ចំណែកបញ្ហាមិនអាចដោះស្រាយបានត្រូវបញ្ជូនទៅថ្នាក់ជាតិជាអ្នកសម្រេច។ លោកអភិបាលរាជធានីបញ្ជាក់ថា អាជ្ញាធរ នៅតាមសង្កាត់ត្រូវបង្កើតវេទិកាសាធារណៈ នេះឲ្យបានច្រើនដើម្បីឲ្យដឹងពីកង្វល់របស់ប្រជាពលរដ្ឋនិងដើម្បីបកស្រាយការភ័ន្តច្រឡំរបស់ប្រជាពលរដ្ឋ។ ធ្វើដូច្នេះយើងអាចនៅកៀកជាមួយពួកគាត់ផង និងបានដឹងពីតម្រូវការរបស់ពួកគាត់ផង ។
លោក ប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធរជំនាញយកចិត្តទុកដាក់ឆ្លើយតបបញ្ហា របស់ប្រជាពលរដ្ឋដោយលោកថ្លែងថា បញ្ហារថយន្តធំៗចូលក្រុងមិនទាន់អាចទប់ស្កាត់បាននោះទេ ដោយសារភ្នំពេញមានតម្រូវការផ្នែកអភិវឌ្ឍន៍សំណង់ជាលក្ខណៈ ក្រុមហ៊ុន អង្គភាព និងឯកជនរបស់ប្រជា ពលរដ្ឋ ។ កត្តានេះបានធ្វើឲ្យបញ្ហាផ្លូវ៥០ បូក៥០ដែលជាថវិកាបដិភាគរវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋរងការខូចខាត ។
ក្នុងរាជធានីភ្នំពេញមានរថយន្តប្រមាណ ៤០ម៉ឺនគ្រឿងត្រូវបានចុះបញ្ជីនិងធ្វើចរា ចរណ៍។ ក្នុងចំណោមរថយន្ដទាំងនោះមាន រថយន្តធុនធ្ងន់ប្រមាណ៤ម៉ឺនគ្រឿងកំពុង ធ្វើចរាចរណ៍ដឹកទំនិញចេញចូលដែលធ្វើ ឲ្យមានហានិភ័យខ្ពស់ក្នុងការខូចខាតផ្លូវ សាធារណៈ ៕ សំរិត