ខេត្តស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយទាបឃាត់ខ្លួន បន្ទាប់ពីយកម៉ូតូទៅលក់ មិនមានឯកសារគ្រប់គ្រាន់ ទើបបែកធ្លាយករណីកាច់កម៉ូតូ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលម៉ោង៥និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះសំ សារឿន អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខឯកជន មានទីលំនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខណៈធ្លាប់ជាប់ពន្ធនាគារផងដែរ ។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានបុរសសង្ស័យបានយកម៉ូតូ C១២៥ ពណ៍ខ្មៅ ស៊េរី ២០១៥ លក់ក្នុងតម្លៃ១.០០០$ តែមិនមានឯកសារអ្វីទេ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម នគរបាលរដ្ឋបាល ឃុំសហការជាមួយនគរបាលស្រុក ស្វាយទាប កម្លាំងជំនាញ បានអញ្ជើញឈ្មោះ សំ សារឿន ដើម្បីមកសាក សួរព៌តមាន ពេលនោះ ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនពិតជាបានយកម៉ូតូHondaC.១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1FK ៨១៥៨ ដែលជា កម្មសិទ្ធិរបស់ ឈ្មោះ អ៊ូ សុធា ភេទប្រុស អាយុ ៣២ឆ្នាំ មុខបររត់ម៉ូតូឌុប មានទីនៅបច្ចុប្បន្នភូមិ ដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ពិតប្រាកដមែន ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និង ដកហូតវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន