ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ស្រវឹងស្រាអុកឡុកនៅការិយាល័យបោះឆ្នោតផ្សារដើមថ្កូវ ត្រូវបានមន្រ្តី គ.ជ.ប ប្តឹងទៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួន កាលពីវេលាម៉ោង ៤និង២០នាទីល្ងាចថ្ងៃទី០៥ ខែតុលា នៅចំណុចស្នាក់ការចុះឈ្មោះបោះឆ្នោតសាលាសង្កាត់ផ្សារដើមថ្កូវ ក្រុម១៧ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បុរសជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ (០១០៨៦៨៥១៤)មានឈ្មោះ សុខ សុផល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូ ១គ្រឿង ទៅប្តឹងនៅ ការិយាល័យចុះឈ្មោះបោះឆ្នោះថា មានគ្រួសារនៅជិតផ្ទះរបស់គេឈ្លោះប្រកែកគ្នា ពេលនោះ មន្រ្តីចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវបានប្រាប់ ឲ្យទៅប្តឹងនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ស្រាប់តែជនបង្កជិះម៉ូតូចេញទៅបាត់ ទាំងក្នុងស្ថានភាពស្រវឹង ហើយមួយសន្ទុះក្រោយមក ស្រាប់តែ ជនបង្កត្រឡប់មកការិយាល័យចុះឈ្មោះបោះឆ្នោតម្តងទៀត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកមានឈ្មោះ សុខ សុផល មានអាស័យដ្ឋានផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទើបមន្រ្តីចុះឈ្មោះ បោះឆ្នោតបានប្រាប់ថា ខុសសង្កាត់ដែលរស់នៅ បើអញ្ចឹងត្រូវមានសាក្សីដែលអះអាងថា ពិតជារស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវពិតប្រាកដមែន ទើបអាចចុះឈ្មោះបាន គ្រាន់តែមន្រ្តីចុះឈ្មោះប្រាប់ភ្លាម ស្រាប់តែជនបង្កខឹង បានឡូឡាអុកឡុកដើរទះតុការិយាល័យចុះឈ្មោះបោះឆ្នោត ទើបមន្រ្តីចុះឈ្មោះបោះឆ្នោតបានប្តឹងទៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ ខ្លួនជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់ ៕ ស រស្មី