ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវសហព័ន្ធរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ ដោយមើលឃើញអំពីភាពគ្មានសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានកើត ឡើងពីក្រុមអាជីវករក៏ដូចជាម្ចាស់ហាងមួយចំនួន រំលោភយកចិញ្ចើមផ្លូវសាធារណៈ ដាក់តាំងរបស់របរលក់ដូរ ឬ ដាំ ស្លាកយីហោ រញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៦ អាជ្ញាធរខណ្ឌសែនសុខដឹកនាំ ដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបានដឹកនាំមន្ត្រីសាលាខណ្ឌនិងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់នៅមុខផ្សារទឹកថ្លាតាម បណ្តោយផ្លូវសហព័ន្ធរុស្សុីដែលក្រុមអាជីវករដាំរំលោភចិញ្ចើមផ្លូវសាធារណៈយកទៅរក្សាទុកនៅសាលាខណ្ឌដើម្បីចាត់ការតាមនីតិវិធី ។

លោក សាំង សុភៈវិចិត្រ អភិបាលរង ខណ្ឌសែនសុខប្រាប់ឲ្យដឹងថា ការណ៍ដែលលោកដឹកនាំមន្ត្រីសាលាខណ្ឌសង្កាត់និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះមក រុះរើកាត់ស្លាកយីហោអាជីវកម្មនិងប៉ាណូផ្សេងៗដែលដាំរំលោភចិញ្ចើមផ្លូវសាធារណៈនេះគឺដោយយោងទៅតាមសេចក្តីជូន ដំណឹងរបស់សាលាខណ្ឌសែនសុខស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ សាធារណៈក្នុងមូលដ្ឋាននិងណែនាំដល់ បងប្អូនអាជីវករជាច្រើនលើកច្រើនសារួចមកហើយប៉ុន្តែការណែនាំនេះមិនត្រូវបានបងប្អូនអាជីវករអនុវត្តតាមនោះទេទើប រូបលោកទទួលបានបញ្ជាពីលោកប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បែបនេះតែម្តង ។

លោក សាំង សុភៈវិចិត្រ ប្រាប់ឲ្យដឹង បន្តថាថ្ងៃដំបូងនេះកម្លាំងរបស់លោកចាប់ផ្តើមចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ ផ្លូវសហព័ន្ធរុស្ស៊ីចាប់ពីគល់ស្ពានអាកាស៧មករារហូតដល់ផ្លូវបំបែកភ្នំពេញ-ហាណូយក្នុងនោះកាត់បានផ្ទាំងប៉ាណូមួយចំនួន យកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ។

ជាមួយគ្នានេះដែរក្រុមការងាររបស់លោកក៏បានបាញ់ថ្នាំធ្វើជាគំនូសសញ្ញា កំណត់ការលក់ដូរ ដើម្បីកំណត់កន្លែងតាំងទំនិញលក់ជូនបងប្អូនអាជីវករផងដែរចៀសវាងការលក់រំលោភបំពាននៅលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត ។

នាឱកាសនោះលោកអភិបាលរងខណ្ឌ សែនសុខក៏បានអំពាវនាវផងដែរទៅដល់ ក្រុមអាជីវករ ដើម្បីរក្សាបាននូវសណ្តាប់ ធ្នាប់របៀបរៀបរយនិងសោភណភាពតាម ចិញ្ចើមផ្លូវសាធារណៈឲ្យបានល្អប្រសើរ ឡើងវិញ ។ សាលាខណ្ឌសែនសុខសូម ណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ ចូលរួមអនុវត្តដូចខាងក្រោម ៖ ទី១-ហាមដាច់ខាតយកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាទីតាំងប្រកបអាជីវកម្មគ្រប់ប្រភេទ និងលើកស្លាកយីហោ ,ទី២-ត្រូវបញ្ឈប់រាល់ការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ ដោយរុះរើតូបលក់ដូរ និងសម្ភារគ្រប់ប្រភេទចេញពីចិញ្ចើមផ្លូវសាធារណៈ ជាពិសេសត្រូវដកនិងកាត់ចេញនូវស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ,ទី៣- ករណីមិនអនុវត្តតាមការណែនាំសាលាខណ្ឌនឹងចាត់វិធានការរដ្ឋបាលចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យ សម្បត្តិសម្ភារនិងផលប្រយោជន៍របស់បងប្អូនឡើយ ៕ តុង សីហា

siha-3 siha-1


ចែករំលែក៖