ខេត្តមណ្ឌលគិរី៖ រូបសំណាកអ្នកតា “ស្រុះ”នៅលើភ្នំដោះក្រមុំ ស្ថិតក្នុងភូមិដោះ ក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិចក្នុងខេត្តជឿថាមានឫទ្ធិបារមីស័ក្ដិសិទ្ធិនោះត្រូវជនមិនស្គាល់មុខ វាយបំបាក់កនិងដៃរបស់អ្នកតាធ្លាក់ដល់ដីកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
បើតាមយាយជីជាអ្នកថែរក្សាខ្ទម អ្នកតា “ស្រុះ” នេះបានឲ្យដឹងថា រូប សំណាកអ្នកតាស្រុះកាលពីថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៦ គឺនៅមានលក្ខណៈល្អ ស្អាតធម្មតាទេ ប៉ុន្តែពេលលោកយាយ ចេញពីផ្ទះមកខ្ទមលោកតាដើម្បីបោសជូតដូចសព្វមួយដងនៅព្រឹកថ្ងៃទី៧ ខែតុលា ស្រាប់ តែលោកយាយបានឃើញក្បាលអ្នកតាត្រូវបានគេវាយបំបាក់ជាច្រើនបំណែក។ ពេលឃើញបែបនេះលោកយាយបានប្រាប់ ក្មេងៗឲ្យទៅប្ដឹងនគរបាលដើម្បីចុះមក ត្រួតពិនិត្យមើល។
ស្នងការរងនគរបាលខេត្តលោក សូ សុវណ្ណ បានបញ្ជាក់ថា ករណីនេះសមត្ថ កិច្ចអាចសន្និដ្ឋានបានថា មិនមែនជាករណីចោរលួចក្បាលអ្នកតាដើម្បីជួញដូរឡើយ ពីព្រោះក្បាលអ្នកតាត្រូវបានជនមិនស្គាល់ មុខវាយបំបែកពីក្រោយបាក់បែកជាច្រើនបំណែក។ ម៉្យាងទៀតជារូបសំណាកថ្មីដែលសប្បុរសជនបានកសាងកាលពីប៉ុន្មានឆ្នាំនេះប៉ុណ្ណោះដើម្បីទុកឲ្យជនរួមជាតិគោរព បូជា។ ទាក់ទងនឹងជនល្មើសសមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយប៉ុន្តែត្រូវស្រាវជ្រាវបន្ថែមទៀតជាមួយនឹងមន្ត្រីមន្ទីរវប្ប ធម៌ខេត្តនៅក្នុងករណីខាងលើនេះ ។
ប្រធានមន្ទីរវប្បធម៌ខេត្តបានឲ្យដឹងដែរថា ក្រុមជាងជំនាញរបស់លោកកំពុងរៀបចំតក្បាលអ្នកតាភ្ជាប់ជាមួយនឹងដងខ្លួនឡើងវិញហើយដើម្បីឲ្យពលរដ្ឋអាចគោរពបូជាជាបណ្ដោះអាសន្នមុននឹងមានការផ្លាស់ ប្តូររូបសំណាកថ្មី។ រូបសំណាកអ្នកតា “ស្រុះ”លើភ្នំដោះក្រមុំនេះត្រូវបានសប្បុរសជនជាវមកពីខេត្តពោធិ៍សាត់សាងសង់ពីថ្ម កែវ ហើយបានដាក់តាំងជាង១០ឆ្នាំមក ហើយ។ កន្លងមកព្រះមហាក្សត្រនិងសម្ដេច ប្រមុខរដ្ឋាភិបាលកម្ពុជារួមទាំងមន្ត្រីជាន់ ខ្ពស់ជាច្រើនរូបតែងយាងនិងអញ្ជើញទៅ អុជធូបគោរពបូជានៅទីនោះផងដែរ។
លោក សូរ សុវណ្ណ ស្នងការរងនគរបាល ខេត្តមណ្ឌលគិរីទទួលបន្ទុកព្រហ្មទណ្ឌបានប្រាប់នគរវត្តឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែ តុលាថា បន្ទាប់ពីមានករណីជនមិនស្គាល់មុខវាយបំបាក់រូបចម្លាក់អ្នកតាខាងលើនេះសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើត ហេតុហើយបានរកឃើញស្បែកជើង១គូ។ បន្ទាប់មកតាមការអះអាងរបស់ប្រជាពល រដ្ឋថា ស្បែកជើង១គូរនេះជារបស់បុរស ម្នាក់រស់នៅក្នុងភូមិដោះក្រមុំដែលបុរស ម្នាក់នេះជាមនុស្សឆ្កួត។ លោកបានបន្តថាក្រោយពីមានការអះអាងបែបនេះសមត្ថ កិច្ចនាំខ្លួនជនសង្ស័យមកកាន់កន្លែងកើត ហេតុ ហើយជនសង្ស័យបានធ្វើកាយវិការ ថា រូបគេជា អ្នកវាយបំបាក់ក្បាលនិងដៃអ្នក តាស្រុះ ដោយដុំថ្ម
លោកស្នងការរងបន្ថែមថា ជនសង្ស័យ អតីតជាគ្រូបង្រៀនបច្ចុប្បន្នរស់នៅ២នាក់បងប្អូនដែលមានសតិមិនគ្រប់ដូចគ្នា ហើយ ពួកគេជាកូនកំព្រាម្តាយឪពុក។ ដូច្នេះ ករណីសមត្ថកិច្ចអាចនឹងមិនចាត់ការជនសង្ស័យតាមផ្លូវច្បាប់នោះទេដោយសារ ជនសង្ស័យជាមនុស្សឆ្កួត ព្រោះនៅពេលដែលសមត្ថកិច្ចទៅនាំគេពីភូមិមកកន្លែងកើតហេតុជនសង្ស័យរូបនេះបានវាយ រថយន្តសមត្ថកិច្ចឲ្យខូចខាតទៀតផង ។
សូមបញ្ជាក់ថា ភ្នំដោះក្រមុំមិនត្រឹមតែ ជារមណីយដ្ឋានទេសចរណ៍ដ៏ស្រល់ស្អាត ដែលអាចមើលឃើញក្រុងសែនមនោរម្យទាំងមូលនោះទេ ភ្នំដោះក្រមុំក៏ជាទីកន្លែងសក្ការដ៏ស័ក្ដិសិទ្ធិមួយនៅក្នុងខេត្តមណ្ឌលគិរី ហើយជារៀងរាល់ឆ្នាំជនជាតិដើមភាគតិចរស់នៅតំបន់នេះតែងប្រារព្ធពិធីបែបសាសនាបូជាអ្នកតាអ្នកដូននៅលើភ្នំដោះក្រមុំមិនដែលអាក់ខានឡើយ ៕ ហេង ថារិទ្ធ