ភ្នំពេញ៖ ជនជាតិបរទេសចំនួន៨នាក់ ក្នុងនោះមានបុរសវៀតណាម៧នាក់ និងបុរស ជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញពីកម្ពុជា បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនសួរនាំច្រើនថ្ងៃគ្មានឯកសារស្របច្បាប់មកបង្ហាញសមត្ថកិច្ចនោះ ។
ការបណ្តេញចេញជនជាតិបរទេសទាំង៨នាក់ឲ្យវិលត្រឡប់ទៅស្រុកកំណើតគេវិញនេះបានព្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ នៅតាមច្រកទ្វារអតន្តរជាតិបាវិត ខេត្តស្វាយរៀង ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានមានប្រសាន៍ថា ជនបរទេសទាំង ០៨ នាក់ ខាងលើបានលួចឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់(គ្មានលិខិតឆ្លងដែន និងសៀវភៅការងា) ដែលសមត្ថកិច្ចយើងឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ឲ្យដឹងផងដែរថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងជំរុញការរឹតបន្តឹងឆែកឆេរជនបរទេសទាំងឡាយណាដែលចូលមករកស៊ី ឬធ្វើការខុសច្បាប់ នៅកម្ពុជា ត្រូវតែឃាត់ខ្លួនដើម្បីបញ្ជូនទៅប្រទេសគេវិញទោះក្នុងរូបភាពណាក៏ដោយ ដើម្បី ឲ្យពួកគេមើលឃើញច្បាប់នៅកម្ពុជាអនុវត្តទៅមានប្រសិទ្ធភាព ៕ ប្រាថ្នា