ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉េង ពោធិ៍នា៖​ ក្រសួងបានត្រៀមរួចរាល់ដើម្បីជួសជុលឡើងវិញស្ពានជ័យជម្នះ (ស្ពានមេទឹក)​ នៅពេលមានការអនុញ្ញាតិពីសមរភូមិមុខ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីជួសជុល និងស្តារឡើងវិញស្ពានជ័យជម្នះ (ស្ពានមេទឹក)ដែលត្រូវបានទាហានឈ្លានពានថៃ ប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមឯកឧត្តមអ្នកនាំពាក្យក្រសួង បន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

បើតាម អ្នក​នាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បន្ថែមថា៖ ​«នៅចំពោះស្ថានភាពបែបនេះ យើងកំពុងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល និងធ្វើផ្លូវវាង ដើម្បីធានាការតភ្ជាប់ សម្រួលដល់ការធ្វើចរាចរឡើងវិញ»។ 

សូមបញ្ជាក់ថា​ ស្ពានជ័យជំនះ (ស្ពានមេទឹក) ត្រូវបានស្ថាបនារួចរាល់នៅក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះមានចំងាយពីព្រំដែនប្រមាណ ៨គីឡូម៉ែត្រ ដែលជាច្រកតភ្ជាប់ទៅកាន់ឃុំថ្មដារ ស្រុកវាលវែង។

សូមបញ្ជាក់ថា យោធាថៃបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីរថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលកម្ពុជា បណ្តាលឱ្យមានការស្លាប់ និងរបួសជនស៊ីវិល ជាច្រើននាក់ និងខូចខាតហេដ្ឋារចនាសម្ព័នស៊ីវិលជាច្រើនកន្លែង រួមមាន ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្ទះរបស់ប្រជុំជន។ល៕


ចែករំលែក៖