ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរជាង៦០០នាក់បានជួបជុំគ្នាស្វាគមន៍ដំណើរអញ្ជើញមកដល់របស់លោក ហ៊ុន ម៉ាណែត ចូលរួមពិធីពិសាអាហារសាមគ្គីក្នុងភោជនីយដ្ឋានមួយកន្លែងនាទីក្រុងម៉ែលប៊ន ប្រទេស អូស្ត្រាលី ។
ពិធីនេះមានការអញ្ជើញចូលរួមពីប្រធានព្រឹទ្ធសភានៃទីក្រុងVictoria លោក Bruce At Kinson និងឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅប្រទេសអូស្ត្រាលី និងញូវហ្សេលែន ។
ប្រជាពលរដ្ឋដែលមកចូលរួមស្វាគមន៍លោក ហ៊ុន ម៉ាណែត នៅទីនោះបានបញ្ជាក់ ថា ពួកគេពិតជាសប្បាយរីករាយដែលបាន ជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់រឿង រ៉ាវជាជាច្រើនពាក់ព៍័ន្ធនឹងការរីកចម្រើននៅកម្ពុជាដែលខុសពីអ្វីដែលក្រុមអ្នកមាន ទស្សនៈប្រឆាំងតែងតែលើកឡើង ។
ទោះជាយ៉ាងណាក៏ដោយឯកអគ្គរាជ ទូតកម្ពុជាលោក កុយ គួង រួមទាំងលោក ហ៊ុន ម៉ាណែត និងក្រុមការងារនៅតែបន្ត ចូលរួមជួបជុំជាមួយប្រជាពលរដ្ឋខ្មែរជាង ៦០០នាក់ពិសាអាហារសាមគ្គីជាមួយគ្នាដោយធ្វើដំណើរតាមទ្វារមុខគ្មានការចូលតាមទ្វារក្រោយដូចការចោទប្រកាន់នោះទេ។ បងប្អូនខ្មែរជាច្រើននាក់បានចោម រោមសុំថតរូបជាមួយលោក ហ៊ុន ម៉ាណែត ពិសេសបានរាំកម្សាន្តជួបជុំគ្នាយ៉ាងសប្បាយ រីករាយទៀតផង ។
នៅក្នុងដំណើរទស្សនកិច្ចថ្ងៃទី១នៅ ក្នុងប្រទេសអូស្ត្រាលីលោក ហ៊ុន ម៉ាណែត បានបង្ហាញពីគោលបំណងនៃការដឹកនាំ ប្រតិភូក្រុមការងារយុវជននៅក្នុងប្រទេស អូស្ត្រាលីគឺក្នុងគោលបំណងជួបជុំសួរសុខទុក្ខបងប្អូនប្រជាជនខ្មែរដែលរស់នៅក្នុង សហគមន៍ខ្មែរនៅក្នុងប្រទេសអូស្ត្រាលី ។
ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានបង្ហាញពីប្រវត្តិអតីតកាលរបស់កម្ពុជា ដែលបានជួបប្រទះសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ហើយមកដល់ពេលនេះប្រទេស កម្ពុជាបានទទួលសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍ ។
នៅក្នុងឱកាសនោះដែរលោក ហ៊ុន ម៉ាណែត បានបង្ហាញពីភាពរុងរឿងនៃ វប្បធម៌ សក្ដានុពលវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតរបស់ កម្ពុជា។ លោក ហ៊ុន ម៉ាណែត ក៏បានគោរព អញ្ជើញលោក Graham WATT ដែលជាសមាជិកសភានៅរដ្ឋVictoriaទៅធ្វើទស្សន កិច្ចនៅប្រទេសកម្ពុជាតាមពេលសមស្របណាមួយហើយស្នើឲ្យសមាជិកសភារូបនេះពិចារណាក្នុងការជំរុញការវិនិយោគរបស់ ជនជាតិអូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា ផងដែរ។
ជាការឆ្លើយតបលោក Graham WATT បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមការងារយុវជនដើម្បីសួរសុខទុក្ខបងប្អូន ប្រជាជនខ្មែរដែលរស់នៅសហគមន៍ខ្មែរនៅក្នុងប្រទេសអូស្ត្រាលីនេះ ។ លោក Graham ក៏បានចាប់អារម្មណ៍និងមានមោទន ភាពចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា និងសក្ដានុពលនៃការវិនិយោគនៅក្នុង ប្រទេសនេះ។ នាឱកាសនោះដែរលោក Graham WATT បានបង្ហាញអារម្មណ៍ សប្បាយរីករាយនឹងទៅទស្សនកិច្ចនៅ ប្រទេសកម្ពុជនៅពេលវេលាសមស្របណាមួយនាពេលខាងមុខ ។
បន្ទាប់មកលោក ហ៊ុន ម៉ាណែត បានប្រគល់វត្ថុអនុស្សាវរីយ៍រូបល្ពៅធ្វើអំពីប្រាក់ ជូនលោក Graham WATTផងដែរ ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការបំផុសឲ្យមានបាតុកម្មពីសំណាក់លោកហុង លីម តំណាងរាស្រ្តសភាប្រចាំរដ្ឋVictoria ប្រទេសអូស្ត្រាលីដើម្បីប្រឆាំងដំណើរទស្សន កិច្ចរបស់លោកនោះមិនអាចរារាំងកម្លាំង ទឹកចិត្តគាំទ្រ និងការស្រឡាញ់រាប់អានគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរក្នុងប្រទេស អូស្ត្រាលីនោះឡើយ ។
ដំណើរចេញទៅកាន់ប្រទេសអូស្ត្រាលីរបស់លោក ហ៊ុន ម៉ាណែត មិនមានសភាព ស្ងប់ស្ងាត់ដូចដំណើរនាពេលកន្លងទៅនោះ ទេ ពោលគឺដំណើររបស់លោកមានការធ្វើសកម្មភាពតវ៉ាពីសំណាក់ពលរដ្ឋខ្មែរមួយចំនួននៅប្រទេសអូស្ត្រាលីក្រោមការបំផុស ចលនាពីលោក ហុង លីម ដែលគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគណបក្សសង្គ្រោះជាតិ ។
ដូចអ្វីដែលបានគ្រោងទុកមានប្រជា ពលរដ្ឋខ្មែរមួយចំនួននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ បានចេញមកលើកបដាតវ៉ា ប្រឆាំងលោក ហ៊ុន ម៉ាណែត។ តែលោក ហ៊ុន ម៉ាណែត បានអះអាងនៅលើទំព័រ ហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ថា បាតុកម្មមិនអាចរារាំងដល់ ទឹកចិត្តស្រឡាញ់គាំទ្រក្នុងឋានៈជាគ្រួសារខ្មែររវាងរូបលោកនឹងពលរដ្ឋខ្មែរជាង៦០០នាក់នៅអូស្រ្តាលីបានឡើយ ។
លោក ហ៊ុន ម៉ាណែត ជាគ្រាប់ពូជថ្មីដ៏ មានប្រជាប្រិយភាពក្នុងគណបក្សប្រជាជន កម្ពុជាបានថ្លែងបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក របស់លោកថា «ទោះជាមានការបំផុស និង រៀបចំដឹកនាំឲ្យមានបាតុកម្មប្រឆាំងការ
ជួបជុំគ្នាដែលមានបាតុករចូលរួមប្រមាណ ១៥០នាក់ក៏មិនអាចរារាំងទឹកចិត្តគាំទ្រការ ស្រឡាញ់រាប់អានគ្នាក្នុងលក្ខណៈជាខ្មែរតែមួយរបស់បងប្អូនខ្មែរយើងជាង៦០០ នាក់ដែលរស់នៅក្នុងទីក្រុងមែលប៊នបានទេក្នុងការចូលរួមពិធីពិសាអាហារសាមគ្គីជាលក្ខណៈមហាគ្រួសារខ្មែរដែលបាន រៀបចំឡើងនៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៦នេះដែរ» ។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី។ លោកបានចាត់ទុក សកម្មភាពនេះថា ជាការបង្ហាញនូវស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានរយៈពេល១៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ក្នុងគោល បំណងជួបជុំសួរសុខទុក្ខប្រជាជនខ្មែរ ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី និង ប្រទេសញូវហ្សេលែននិងជួបមន្ត្រីរដ្ឋាភិ បាលនិងសមាជិកសភាអូស្ត្រាលីផងដែរ៕ ហេង សូរិយា