ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈន សាណាត អញ្ជើញចុះពិនិត្យវឌ្ឍភាពការសាងសង់ពន្ធនាគាររាជធានីភ្នំពេញ គឺជាជំហានសំខាន់មួយ ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងជនជាប់ឃុំ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានអញ្ជេីញចុះពិនិត្យវឌ្ឍភាពការងារសាងសង់ពន្ធនាគាររាជធានីភ្នពេញ គឺជាជំហានសំខាន់មួយ ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរបស់ជនជាប់ឃុំ។

ការចុះពិនិត្យវឌ្ឍភាពការសាងសង់ពន្ធនាគាររាជធានីភ្នំពេញ នេះដែរ ក៏មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ ស្ថិតនៅភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក ឈន សាណាត ក៏បានណែនាំដល់ក្រុមការងារ សាងសង់ ត្រូវយក ចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ពន្ធនាគារនេះ ដោយ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំដៅធានាបាននូវ សុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឱ្យរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

ទាក់ទងនឹងការសាងសង់នូវអគារថ្មី នៃពន្ធនាគារនេះ លោក  ឈន សាណាត បានថ្លែងអំណរគុណដល់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការសម្រេចផ្តល់ក្របខ័ណ្ឌថ្មី ការពិនិត្យពង្រីកបន្ថែម ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងស្វែងរកយន្តការផ្សេងៗទៀត ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ រួមទាំងផ្តល់គោលការណ៍គន្លឹះទាំងក្នុងក្របខ័ណ្ឌច្បាប់ និងការងារបច្ចេកទេស ទាំងដំណោះស្រាយចំពោះមុខ និងដំណោះស្រាយយូរអង្វែង។

ជាមួយគ្នានេះ លោក អគ្គនាយក បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ នឹងបន្តជំរុញលើកកម្ពស់គុណភាពការងារអប់រំកែប្រែស្តារនីតិសម្បទា ការងារសុខភាព និងអនាម័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ព្រមទាំងអនុវត្តកម្មវិធីសមា ហរណកម្ម និងបន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាពការអនុវត្តនីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងប្រសិទ្ធភាព ត្រួតពិនិត្យឆែកឆេររកឧបករណ៍ វត្ថុសម្ភារហាមឃាត់ចូលពន្ធនាគារស៊ើបអង្កេតស្រាវជ្រាវបង្ការ ទប់ស្កាត់អំពើល្មើសផ្សេងៗពិសេសទូរស័ព្ទដៃ និងគ្រឿងញៀនជាដើម៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ


ចែករំលែក៖