ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៦នាក់ដកហូតថ្នាំញៀន៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន៤កញ្ចប់ នៅជាប់ខ្លួន ខណៈកម្លាំងល្បាតឃើញ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២១និង៣៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខច្រកចូលផ្ទះសំណាក់ អង្គរពេជ្យ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

លោក ព្រុំ សក្រក្កដា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌសែនសុខបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ គឺលោកបានបញ្ជាឲ្យកម្លាំងរបស់លោកល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសហើយ ក៏ប្រទេះឃើញជនសង្សយទាំង៦នាក់ ជិះម៉ូតូ៣គ្រឿង ទី១ ម៉ាកហុងដាឌ្រីមទាំង៣គ្រឿង ១គ្រឿងពាក់ស្លាកលេខ ព្រៃវែង 1F 7560 ទី២ ពាក់ស្លាកលេខ កំពង់ចាម 1C 7747 និងទី៣ ពាក់ស្លាកលេខ ភ្នំពេញ 1AY 5788 ។ ដោយមានការសង្ស័យ ក៍ឃាត់ឆែកឆេររកឃើញថ្នាំញៀនចំនួន០៤កញ្ចប់នៅលើខ្លួន ។

ទើបកម្លាំងរបស់លោកឃាត់ខ្លួនបញ្ជូនទៅកាន់មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខដើម្បីសួរនាំ ។

អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់នោះ ទី១ ឈ្មោះ ហេង តុលា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្តំកំបូល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ, ២ ឈ្មោះ អឿន សារ៉ាយ ភេទប្រុសអាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា ទី៣ ឈ្មោះ ពៅ ចិន ភេទប្រុសអាយុ២១ឆ្នាំមុខរបរ កាត់ខោអាវ ស្នាក់នៅម្ដុំសាលាសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, ទី៤ឈ្មោះ ហេន សៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងអារឈើ ស្នាក់នៅផ្ទះជួល ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី៥ ឈ្មោះ ឃុំ មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀនពេទ្យ ស្នាក់នៅផ្ទះជួលម្ដុំពេទ្យរុស្សី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី៦ឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ២០ឆ្នាំ រោងចក្រ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាងត្រូវកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ តុង សីហា

res-3 res res-1 res-2


ចែករំលែក៖