ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារ បណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានទទួលជួប ប្រតិភូយុវជនកម្ពុជាសហគមនាវាយុ វជនអាស៊ីអាគ្នេយ៍ ២៩នាក់ សុំផ្ដល់ បទពិសោធន៍ ការងារ ពា ណិជ្ជកម្ម, ឧស្សាហកម្ម ,កសិកម្ម វប្បធម៏ និងទេសចរ ដើម្បីត្រៀមខ្លួន ប្រឡូក នៅក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន( SSEAYP) ដែលនឹងមានយុវជនបណ្តា ប្រទេស ១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន សរុប៣៣០ នាក់ ។
ពិធីជួបសម្ដែងការគួសមនេះ បានប្រព្រឹត្ដ ទៅ កាលពីរសៀល ថ្ងៃ ទី ១០ តុលា ឆ្នាំ២០១៦ នៅស្នាក់ការ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា ។
លោកហាស្កា រី អនុប្រធានក្រុមយុវ ជន កម្ពុជា សហគមនាវាយុជនអាស៊ី អាគ្នេយ៍ បានបញ្ជាក់ថា៖ តាមរយៈកម្មវិធីនេះ យុវជននឹងអាចអភិវឌ្ឍន៍ខ្លួនឯង បង្កើតបណ្តាញទំនាក់ទំនង និងពង្រឹងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍សង្គម។
នេះ ជាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ គិតត្រឹមឆ្នាំ ២០១៦ ដែលប្រតិភូយុវជនទាំង ១១ប្រទេស នឹងធ្វើដំណើរទៅជួបជំុគ្នានៅប្រទេសជប៉ុន បន្ទាប់ មក ចាប់ផ្តើមកម្មវិធីចេញនាវាទៅកាន់ប្រទេសអាស៊ាន មានរយៈពេល ៥២ថ្ងៃចាប់ពី២៥តុលា ដល់១៥ធ្នូ ២០១៦ ជាពិសេសរាល់ការចុះចត គឺយុវជននឹងមានការជួបសម្តែងការគួរសមជាមួយប្រមុខដឹកនាំប្រទេស ដោយឡែកតំណាងប្រតិភូយុវជនមួយក្រុម នឹងធ្វើដំណើរមកកម្ពុជា ដើម្បីជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ ទី១៩ វិច្ឆិកា ២០១៦។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ កម្ពុជាត្រូវតែសាងស្នាដៃជាយុវជនគម្រូដើម្បីកិត្តិយសនិងកេរ្ត៍ឈ្មោះសម្រាប់ប្រទេសជាតិរបស់យើង ជាពិសេសក្នុងឪកាសនេះ ប្អូនៗត្រូវមានឆន្ទៈតស៊ូ ចូលរួមអោយកាន់តែសកម្ម ជាមួយថ្នាក់ដឹកនាំ ដែលមានបទពិសោធន៍ដើម្បីទទួលបាន ចំណេះល្អៗ ពី ថ្នាក់ដឹកនាំ ក៏ដូចជាយុវជន នៃបណ្តាប្រទេសនានាដែលនឹងរួមដំណើរ ជាមួយគ្នារយៈពេលជិត២ខែ។ ក្នុងឪកាសនេះដែរត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និងជប៉ុន ផងដែរ។
លោកអូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភ ជាកញ្ចប់ថវិកា សរុប រួមចំនួន ១០០០ដុល្លារ សម្រាប់ដោះស្រាយ តម្រូវការខ្លះៗ ដល់ក្រុមប្រតិភូយុវជនកម្ពុជា សហគមនាវាយុ វជនអាស៊ីអាគ្នេយ៍ ។
សូមបញ្ជាក់ថា កម្មវិធីនាវាយុវ ជនអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលជប៉ុន កាលពីឆ្នាំ១៩៧៤ និងមានការចូលរួមគាំទ្រពីរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំង១០ ប្រទេសផងដែរ ៕ សំរិត