ខេត្តកំពង់ធំ៖ ទូរស័ព្ទដៃយ៉ាងតិច១៦២គ្រឿង ត្រូវជនសង្ស័យធ្វើសកម្មភាពលួចគាស់ផ្ទះចូលលួចអស់គ្មានសល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ទ្រី ចាន់សែ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបលក់ទូរស័ព្ទរស់នៅភូមិខាងលើ ត្រូវបានចោរលួចចូលគាស់ផ្ទះនៅពេល ដែលម្ចាស់ផ្ទះកំពុងដេកលក់ស្កប់ស្កល់ទាំង៣នាក់ ប្ដី ប្រពន្ធ និងកូនតូច នៅក្បែរទូរដាក់ទូរស័ព្ទដោយពុំដឹងថាចូលគាស់ពីម់ោងប៉ុន្មាននោះទេរហូតដល់ម៉ោង៥និង៣០ជិតភ្លឺទើបដឹង ហើយក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយជួយអន្ដរាគមន៍។
សម្ភារដែលបាត់បង់មានទូរស័ព្ទដៃចម្រុះចំនួន១៦២គ្រឿង គិតជាលុយប្រហែល១០០០០ដុល្លារ ។ តាមការពិនិត្យជាក់ស្ដែងរបស់សមត្ថកិច្ច ករណីគាស់ផ្ទះនេះ គឺជាក្មេងជំទង់ ដោយផ្អែកតាមការពិនិត្យលើកន្លែងកើតហេតុ ដោយបានបើកក្បឿង ចូលតាមប្រឡោះ ព្រមទាំងស្នាមដានជើងតូចផងដែរ ។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរកចាប់ខ្លួនជនសង្ស័យមកដាក់ទោសតាមច្បាប់ ៕ ប៊ុនរិទ្ធី