ភ្នំពេញ៖ អាជ្ញាធររាជធានីដឹកនាំដោយលោកប៉ា សុជាតិវង្ស អភិបាលរាជធានី អភិបាលខណ្ឌទាំង១២និងអគ្គពន្ធដារ នៅព្រឹកថ្ងៃទី១១ តុលានេះបានបើកកិច្ចប្រជុំពិភាក្សាមូយលើការប្រមូលពន្ធអចលទ្រព្យពីសង្កាត់ទាំង២០ ដែលបានកាត់ចូលមករាជធានី ដើម្បីឈានទៅរកច្រកមួយចេញអោយបានល្អប្រសើរ ក្នុងការប្រមូលពន្ធអចលទ្រព្យនេះជូនរាជរដ្ឋាភិបាល ជៀសវាងអនុវត្តទៅមិនទទួលបានជោគជ័យ និងមិនទទួលការគាំទ្រពីប្រជាពលរដ្ឋ។
លោកគង់ វិបុល ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា បានមានប្រសាសន៍លើកឡើងថា ពន្ធដាមានច្រើនប្រភេទ រួមទាំងពន្ធសត្តឃាត ពន្ធរបរពិត ពន្ធយានយន្ត និងពន្ធអចលទ្រព្យជាដើម ។តែសម្រាប់កិច្ចប្រជុំនេះ គឺធ្វើឡើងផ្តោតសំខាន់ទៅលើការប្រមូលពន្ធអចលទ្រព្យ ពិសេសពិភាក្សាទៅលើការប្រមូលពន្ធអចលទ្រព្យពីសង្កាត់ចំនួន២០ដែលកាត់ចូលមករាជធានីភ្នំពេញ។ ពន្ធនេះជាចំណូលយ៉ាងធំរបស់រដ្ឋ ដើម្បីយកថវិកាទាំងនោះទៅអភិវឌ្ឍន៍ប្រទេសជាតិ បើចំណូលពីពន្ធនេះបានច្រើនវាក៏បង្ហាញអោយឃើញពីកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដា ចង់ធ្វើជាតាតដែលអាចបង់ពន្ធបាននៅតាមធនាគារនិងធ្វើបច្ចុប្បន្នភាពអចលទ្រព្យនេះឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទៅបង់ពន្ធ ដោយមិនខាតបង់ពេលវេលាច្រើន។
លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានលើកឡើងដែរថា សម្រាប់អាជ្ញាធរខណ្ឌចាំតែសហការជាមួយពន្ធដាទេ ដើម្បីប្រមូលពន្ធជូនរដ្ឋ ហើយលោកចង់អោយខាងពន្ធដានេះ ដាក់មន្ត្រីរបស់ខ្លួនមកច្រកចេញចូលតែមួយដើម្បីប្រមូលពន្ធ ។ ការធ្វើបែបនេះប្រជាពលរដ្ឋងាយស្រួលក្នុងការបង់ពន្ធ កាត់បន្ថយបានអំពើពុករលួយនិងម្យ៉ាងវិញទៀតមិនខាតបង់ពេលវេលាផងដែរ។ ចំពោះ ការចង់បង្កើតអោយមានការប្រមូលប្រមូលពន្ធអចលទ្រព្យពីសង្កាត់ទាំង២០ដែលបានកាត់ចូលមករាជធានីនេះ លោកឃ្លាំង ហួត ក៏បានស្នើអោយមើលពីស្ថានភាពជីវភាពប្រជា ពលរដ្ឋជាក់ស្តែងជាមុនសិន ដោយសារតែសង្កាត់ទាំង២០នោះ មិនមែនមានប្រជាពលរដ្ឋជាអ្នកមានទ្រព្យច្រើននោះទេ ហើយបើធ្វើមិនស្រួលគឺមិនបានជោគជ័យនោះទេ។
លោកប៉ា សុជាតិវង្ស ក្នុងកិច្វើចប្រជុំនេះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញឯកភាពនិងសហការជានិច្ចជាមួយស្ថាប័នពន្ធដា ក្នុងប្រមូលពន្ធនេះអោយអស់លទ្ធភាព ។លោកបន្តថា ការប្រមូលពន្ធអចលទ្រព្យនៅភ្នំពេញឃើញថាល្អប្រសើរហើយ ប៉ុន្តែអ្វីដែលជាការកត់សំគាល់នោះគឺការប្រមូលពន្ធពីសត្តឃាតហាក់មិនទាន់បានល្អប្រសើរនោះទេ ដោយសារតែការគ្រប់គ្រងទីតាំងសត្តឃាតនេះមិនបានល្អប្រើសើរនូវឡើយ ដោយបង្កើតជាទីសត្តឃាត់តូចៗជាច្រើនកន្លែង។
ទោះបីជាយ៉ាងណាក្តីកិច្ចប្រជុំនេះបានសម្រេចថា នឹងធ្វើការប្រមូលពន្ធដែលនៅសេសល់អោយបានអស់មុននឹងឈានទៅដល់ការប្រមូលពន្ធផ្សេងៗទៀត ៕ សំរិត