ភ្នំពេញ៖ បែបបទនៃការស្លៀកពាក់បែបលេចលើស្ទើរក្រោយរបស់សិល្បករមួយ ចំនួននៅមិនទាន់កាត់បន្ថយនៅឡើយបើទោះបីជាថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យពួកគេគោរពក្រមសីលធម៌ជាតារាខ្មែរក៏ដោយ។ មន្ត្រីជាន់ខ្ពស់ នៃក្រសួងនេះបានចាត់ទុកការបន្តចំហល្វែងលើបង្អួតដើមទ្រូងជាថ្មីរបស់សិល្បករខ្លះគឺជាការផ្គើនទៅនឹងសម្តីរបស់មន្ត្រីក្រសួង។
ការលើកឡើងរបស់មន្ត្រីក្រសួងវប្ប ធម៌នេះត្រូវបានលេចចេញឡើងក្រោយពីសិល្បករមួយចំនួនបានព្យាយាមបញ្ចេញ រូបថត និងស្លៀកពាក់បែបសិចស៊ីចូលរួម ក្នុងពិធីជាហូរហែ។ ក្នុងនោះមានដូចជា កញ្ញាដេនី ក្វាន់, កញ្ញាសុខ មុនីពិសី និងតារា ភេទទី៣នាងស្រីពៅ មុខឈើជាដើម។
ថ្លែងលើកបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦លោក ថៃ នរ:សត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:លើកឡើងថា “ចរន្តនៃការ ប្រកួតដើមទ្រូងហាក់ដូចជាបានផ្គើនទៅ នឹងការបរិយាយរបស់ខ្ញុំកាលពីសប្តាហ៍ កន្លងទៅដោយគេឃើញមានការបង្ហោះរូបអួតសម្ញែងប៉ុន្មានសន្លឹកទៀតពីអ្នកសិល្ប:ដែលមានកេរ្តិ៍ឈ្មោះដក់ជាប់ក្នុងអារម្មណ៍ មហាជនយើងនៅឡើយ” ។ លោករដ្ឋលេខា ធិការបន្តថា “ដូចខ្ញុំបាននិយាយរួចមក ហើយថា វប្បធម៌ អរិយធម៌ សិល្ប:និង ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរមិនអាច ស្រអាប់ដោយសារតែការស្លៀកពាក់សិចស៊ី ឬការដោះសំពត់ ខោអាវចេញ របស់បុគ្គលណាម្នាក់ឬប៉ុន្មានអ្នកឡើយ។ តែបើវា ស្រអាប់ ឬអន់ត្រូវគេទិតៀនកែរលម្អឬអាចត្រូវគេជេរប្រមាថនោះគឺបុគ្គលនោះៗទេដែលជាអ្នកទទួលដោយផ្ទាល់នោះ”។
លោកថាដោយសារមហាជនតែងប្រើ វោហារស័ព្ទឌឺដងស្តីបន្ទោសដល់ក្រសួង វប្បធម៌ជានិច្ចថា អត់បានការមិនយកចិត្តទុកដាក់បណ្តែតបណ្តោយដេកលក់ អសកម្មដោយមិនបើកភ្នែកមើលការបំផ្លាញវប្បធម៌ប្រពៃណីរបស់មនុស្សប៉ុន្មាននាក់ ទើបខ្ញុំចាំ បាច់ត្រូវបង្ហាញចេតនាផ្លូវការនេះមួយ ទៀត។ លោកក៏សូម លំឱនកាយគោរពចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសជាទីស្រឡាញ់ដ៏ជ្រាលជ្រៅថា”ខ្ញុំ ពុំមែនជាមនុស្សដែលចង្អៀតចង្អល់មិន ស្គាល់ស៊ីវិល័យភាព និងការរីកចម្រើនរបស់ យុគសម័យនៃសាកលភាវូបនីយកម្មនេះទេ ប៉ុន្តែគ្រាន់តែមានទស្សន:មួយនិយមភាពសមហេតុសមផលប៉ុណ្ណោះ។ មជ្ឈិមបដិ បទា ការប្រតិបត្តិគ្រប់យ៉ាងដោយមិនពេក (Extremely នោះគឺជា សម្រស់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ” ។
កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឲ្យមានកម្មវិធីសិក្ខាសាសាមតិបំពេញ បន្ថែមលើសេចក្តីព្រាង ក្រមសីលធម៌នៃ អ្នកសិល្បៈប្រយោជន៍ឲ្យសិល្បករផលិតករដែលកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យ សិល្បៈ វប្បធម៌ដែលបានប្រព្រឹត្តិផ្ទុយនឹងក្រមសីលធម៌អ្នកសីល្បៈនឹងទទួលការពិន័យ តាមរយៈការណែនាំស្តីបន្ទោស ព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈ ឬផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈមួយរយៈពេល ។
ទោះជាយ៉ាងណាគេមិនទាន់ដឹងនៅឡើយទេថា ការបញ្ចេញរូបថតនិងបង្ហាញពីការស្លៀកពាក់របស់សិល្បករមួយចំនួនកាលពីថ្មីៗអាចនឹងធ្វើឲ្យក្រសួងចេញវិធានការបន្ទាន់ដើម្បីទប់ស្កាត់បញ្ហានេះយ៉ាងដូចម្តេចនៅឡើយខណៈដែលកន្លងទៅលោក ស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួង បានថ្លឹងថ្លែងអំពីសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិនិងក្របខ័ណ្ឌសីលធម៌ ព្រោះ តែវាពិបាកកំណត់ណាមួយដូចបន្ទាត់ឬ ជញ្ជាំងឲ្យជាក់លាក់។ លោកស្រីរដ្ឋមន្ត្រីស្នើឲ្យសិល្បករផលិតករទាំងអស់គិតពី តម្លៃជាតិ កិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួន និងសង្គមជាតិជាជាងគិតតែពីប្រាក់តែ មួយមុខ។
លោកស្រីរដ្ឋមន្ត្រីលើកឡើងថា ក្រសួងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវិធានណាមួយ ប៉ុន្តែក្រសួងមិនចង់ធ្វើបែបបះដៃយកដៃបះជើងយកជើងនោះទេ គឺក្រសួងមិនចង់ឲ្យសិល្បករផលិតករបោសសំរាមនៅលើថ្នល់ទេគឺចង់ឲ្យពួកគាត់មានការភ្ញាក់រលឹកថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើ៕ វឌ្ឍនា