ខេត្តរតនគិរី៖ កម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយមន្ត្រីរ៉ែ និងថាមពលបានចុះត្រួតពិនិត្យកន្លែងប្រជាពលរដ្ឋជាង២០នាក់ជីកយករ៉ែត្បូងដោយខុសច្បាប់នៅស្រុកលំផាត់ ។
ការចុះត្រួតពិនិត្យនោះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដោយកងកម្លាំងនគរបាលអធិការស្រុកលំផាត់ បានសហការណ៍ជាមួយមន្ត្រីមន្ទីររ៉ែ និងឋាមពលខេត្ត ចុះត្រួតពិនិត្យកន្លែងកើតហេតុ ករណីប្រជាពលរដ្ឋជីកយករ៉ែត្បួងដោយខុសច្បាប់នេះ មានចំនួន២កន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
ករណីខាងលើនេះ កម្លាំងចុះដល់ឃើញប្រជាពលរដ្ឋមានចំនួនជាង២០ម្នាក់កំពុងប្រព្រឹត្ត ខណៈដែលឃើញសមត្ថកិច្ចចុះទៅដល់ ក៏នាំគ្នារត់គេចខ្លួនចូលក្នុងព្រៃបាត់ ដោយគ្មានបន្សល់ទុកវត្ថុតាង(ឧបករណ៍)អ្វីឡើយ ។
សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុត្រូតពិនិត្យ លើភស្ដុតាងឃើញរណ្ដៅមានចំនួន១៥០រណ្ដៅ សមត្ថកិច្ចបានដំណើរការឲ្យម្ចាស់ចំការ ១-ឈ្មោះ ជុំ គឹមស ភេទ ប្រុស និង ២-ឈ្មោះ ហម សារឿន ភេទ ប្រុស រស់នៅភូមិ- ឃុំ កើតហេតុ ខាងលើធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជីកយករ៉ែត្បួងបន្តទៅទៀត ។
បើចង់ធ្វើសកម្មភាពនេះបន្តត្រូវជំរាបជួនដល់ថ្នាក់ខេត្ត និងមន្ទីរឲ្យខាងជំនាញពិនិត្យ និងស្រាវជ្រាវវាយតម្លៃ និងចេញច្បាប់អនុញ្ញាតិទើបអាចធ្វើបាន ៕ វុទ្ធឦសាន