ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​រាជធានី​៖​ ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច ដែលមានខ្លឹមសាររៀបរាប់ពីទីតាំងអគារអនឡាញមួយចំនួន នៅរាជធានីភ្នំពេញដើម្បីឱ្យសមត្ថកិច្ចចុះបង្រ្កាប!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច ដែលមានខ្លឹមសាររៀបរាប់ពីទីតាំងអគារអនឡាញមួយចំនួន នៅរាជធានីភ្នំពេញដើម្បីឲ្យសមត្ថកិច្ចចុះបង្រ្កាប!

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនដល់សាធារណជនមេត្តាជ្រាបថាៈដោយទីតាំងអគារដែលគណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច បានរៀបរាប់ រួមមាន៖

១- អគារ the bridge (ខណ្ឌចំការមន) 

២- អគារ Marry Time (ខណ្ឌមានជ័យ) 

៣- អគារPNN (ខណ្ឌជ្រោយចង្វារ) 

៤- អគារស្កាយឡាញ ក្បែរផ្សារអូឬស្សី (ខណ្ឌ៧មករា)

៥- អគារមានរូបម្កុដិ (ខណ្ឌដូនពេញ) 

៦-អគារស្កាយទ្រី (ខណ្ឌឫស្សីកែវ)

គួរជម្រាបថា​ កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះពិនិត្យរដ្ឋបាលទីតាំងខាងលើដោយទីតាំងខ្លះចុះពិនិត្យរដ្ឋបាលជាចំហរ ,ចុះឆែកឆេរ មួយទីតាំង ចំនួន០២ទៅ ០៣លើករួចមកហើយ ជាលទ្ធផលពុំឃើញបទល្មើសប្រព័ន្ធបច្ចេកវិទ្យាឆបោកតាមអនឡាញនោះទេ និងបានរកឃើញជនបរទេសដែលស្នាក់នៅគឺមានលិខិតស្នាមស្របច្បាប់ត្រឹមត្រូវ  ហើយបច្ចុប្បន្ននេះដោយអនុវត្តតាមអនុក្រឹត្យ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្តេជ្ញាចុះស្រាវជ្រាវនិងត្រួតពិនិត្យ បង្រ្កាបរាល់សកម្មភាពប្រព្រឹត្តបទល្មើសតាមប្រព័ន្ធវិទ្យាឆបោកតាមអនឡាញខុសច្បាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

ជាមួយគ្នានេះសមត្ថកិច្ចក៏បានចុះណែនាំដល់ម្ចាស់ទីតាំងត្រូវសហការជាមួយសមត្ថកិច្ចដើម្បីបង្រ្កាបបើមានជនល្មើសបើកលួចលាក់បទល្មើសឆបោកអនឡាញខុសច្បាប់និងក៏បានណែនាំដល់ម្ចាស់ទីតាំងកុំឲ្យមានការលួចលាក់ឃុបឃិតជាមួយជនល្មើស បើក្នុងករណីសមត្ថកិច្ចរកឃើញម្ចាស់ទីតាំងជាប់ពាក់ព័ន្ធឃុបឃិតឲ្យបើកបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាឆបោកអនឡាញខុសច្បាប់សមត្ថកិច្ចនិងអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា៖​ ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាឆបោកអនឡាញខុសច្បាប់នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានប្តេជ្ញាដាក់ចេញជាវិធានការណ៍ម៉ឺងម៉ាត់បំផុត មិនអនុញ្ញាតឲ្យកើតមានបើកប្រពន្ធ័បច្ចេកវិទ្យាឆបោកអនឡាញខុសច្បាប់ជាដាច់ខាត៕ដោយ​៖តារា​


ចែករំលែក៖