ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ចាប់ឃាត់ខ្លួន ខណៈធ្វើសកម្មភាពឆក់កាបូបជនបរទេសបានហើយ តែរត់មិនរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅក្រោយសាខាធនាគារកាណាឌីយ៉ា ក្បែរផ្សាររតនាផ្លាហ្សា ផ្លូវណតប្រ៊ីត ភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនជាប់ចោទទាំង២នាក់នោះ ១ ឈ្មោះ ព្រំ ចិន ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរច្បាស់លាស់ ស្នាក់ផ្ទះជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ខេត្តស្វាយរៀង ទី២ ឈ្មោះ ប៉ែន ម៉េងហួរ ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងម៉ូតូដែលពួកគេជិះធ្វើសកម្មភាពនោះម៉ាក ឡែត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ តាកែវ ១អិល ៥៦៤៦ (ផ្លាកលេខមិនប្រក្រតី) ។ ចំណែកជនជាតិ ចិនរងគ្រោះមានឈ្មោះ WANG LiHUi ភេទស្រី អាយុ៤២ឆ្នាំ ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា មុនពេលកើតហេតុ ជនរងគ្រោះម្នាក់ជាស្ត្រីជនជាតិចិនបានមកដាក់លុយនៅធនាគារកាណាឌីយ៉ា ចំនួន២ម៉ឺនដុល្លារ អេមេរិក រួចក៏ចេញមកវិញ ខណៈនោះជនជាប់ចោទខាងលើទាំង២នាក់ បានជិះម៉ូតូមកឈប់ឆក់យកកាបូបលុយពីជនរងគ្រោះ តែជនរងគ្រោះស្រែក បង្កការភ្ញាក់ផ្អើល ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ច នគរបាលអន្តរាគមន៍ របស់ស្នងការ និងកម្លាំងអន្តរាគមន៍របស់ខណ្ឌ និងនគរបាលប៉ុស្តិ៍បាននាំគ្នាដេញតាមបង្ក្រាបបានភ្លាមៗ យកបានទាំងកាបូបលុយរបស់ជនរងគ្រោះ បានមកវិញ ដែលមានលុយនៅក្នុង កាបូបនោះចំនួនជាង១ពាន់ដុល្លារ ។
ក្រុមជនជាប់ចោទត្រូវបាន សមត្ថកិច្ចសួរនាំ ហើយបើតាមសំដីរបស់លោកអធិការបានឲ្យដឹងថា ក្រុមជនសង្ស័យ អាចជាមុខសញ្ញាសកម្ម ក្នុងការប្រព្រឹត្តបទល្មើសឆក់ប្លន់បែបនេះជាច្រើនករណី នាពេលកន្លងមក ហើយមន្ត្រីជំនាញព្រហ្មទណ្ឌរបស់ខណ្ឌ និងស្នងការកំពុងស្រាវជ្រាវបន្ថែមយ៉ាងយកចិត្តទុក។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសុំរឿងបញ្ជួនទៅតុលាការ ៕ តុង សីហា