ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលឆោឡោទាំងកណ្ដាលអធ្រាត្រ ខណៈបុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់មណ្ឌលកំសាន្តបាវិត សង្ស័យគាំងបេះដូង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់បន្ទប់លេខU ១២ ក្នុង មណ្ឌលកំសាន្តបាវិត ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ល័រ ស៊ីង ស៊ាន ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិចិន មុខរបរលក់អាហារចិន កាន់លិខិតឆ្លងដែនលេខ E53665768 មានទីលំនៅឋាន ភូមិចាំង លីង ខេត្តហ្វូជាន ទីក្រុងសាន្តមិញ ប្រទេសចិន។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ថាមានមនុស្សដេកស្លាប់ភ្លាម សមត្ថកិច្ចក្រុងសហការជាមួយនគរបាលជំនាញស្នងការខេត្តបានមកពិនិត្យសាកសពបុរសខាងលើ ស្លាប់ដោយសារមានជំងឺគាំងបះដូងពិតប្រាកដមែន មិនមែនជាករណីឃាដកម្មនោះទេ ។
ក្រោយមក សមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន