បន្ទាយមានជ័យ៖ លោកគន់ គីម បានស្នើឱ្យជំនាញ និងអាជ្ញាធរខេត្ដ ត្រូវពន្លឿនធ្វើជម្រកបណ្ដោះអាសន្ន រួមជាមួយហេដ្ឋារចនាសម្ព័ន្ធឱ្យបានស្អាត សុវត្ថិភាព ជូនជនភៀសសឹកខេត្ដបន្ទាយមានជ័យ ឱ្យបានលឿនបំផុត ខណៈសរុបរួមជនភៀសសឹកនៅខេត្ដបន្ទាយមានជ័យចំនួន ៤២ ម៉ឹននាក់ ពួកគាតបានចូលទៅលំនៅដ្ឋានវិញបានតែ២០ភាគរយប៉ុណ្ណោះ ។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្នើបែបនេះ ខណៈ លោកនិងក្រុមការងារលោកនាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកង វិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាព នៃការរៀបចំហេដ្ឋារចនា សម្ព័ន្ធលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន ជូនដល់ប្រជាពលរដ្ឋភៀសសឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែបារម្ភ និង យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំទីតាំងជម្រកបណ្តោះអាសន្ននេះ គឺធ្វើឡើងដើម្បីបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិ ភាពជូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងសង្គ្រាមឈ្លានពានលើបូរណ ភាពទឹកដីពីសំណាក់ភាគីថៃ ដែលធ្វើឱ្យបងប្អូនមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។
ការចុះពិនិត្យនេះ ផ្តោតសំខាន់ទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ការឈូសឆាយ និងរៀបចំដី ដើម្បីធានាបាននូវទីតាំងរាបស្មើ សុវត្ថិភាព និងមិនមានការលិចទឹក។
ការរៀបចំប្រព័ន្ធទឹក-ភ្លើង បង្កលក្ខណៈងាយ ស្រួលដល់ការរស់នៅប្រចាំថ្ងៃ ការសាងសង់ជម្រក ការរៀបចំគ្រោងបង្គុំជម្រកឱ្យមានភាពរឹងមាំ អាចការពារកម្តៅថ្ងៃ និងទឹកភ្លៀងបានល្អ។ យើងត្រូវធានាថា ប្រជាពលរដ្ឋដែលរងគ្រោះ នឹងមានកន្លែងស្នាក់នៅសមរម្យ មានសុវត្ថិភាព និងទទួលបានការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ ក៏ដូចជាសេវាសុខាភិបាលបានទាន់ពេលវេលាបំផុត នេះជាប្រសាសន៍បន្ថែមរបស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម។
បានអរគុណចំពោះកងវិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ការរៀបចំនេះឱ្យបានឆាប់រហ័សបំផុត ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅចំពោះមុខនេះ ៕ ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច