ព័ត៌មានទាន់ហេតុការណ៍៖

បនល្បែងជ្រកក្រោមស្លាកហាងកាហ្វេសមត្ថកិច្ច និងអាជ្ញាធរមើលរំលងនៅក្នុងឃុំពន្លៃស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្ននេះ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងភូមិសាស្រ្តភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៍ ត្រូវបានបំផ្លាញអស់ ដោយសារតែល្បែងស៊ីសងមួយកន្លែងជ្រកក្រោមស្លាកហាងកាហ្វេ កំពុងតែមានក្រុមអ្នកដែលញៀន និងល្បែង បាននាំគ្នាចូលលេង ដោយមិនខ្លាចញញើតនិងសមត្ថកិច្ចបន្តិចណាសោះឡើយ ។

បនល្បែងមួយនេះ មានម្ចាស់ឈ្មោះ សោម រតនា ត្រូវបានគេដឹងថា បើកលេងជាយូឆ្នាំហើយ ជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ ពេលព្រឹក និងពេលល្ងាច បនល្បែង ដែលជ្រកក្រោមស្លាកលក់កាហ្វេនេះ មានបើកលេងភ្នាល់ ប្រដាល់ថៃ ចាញ់ឈ្នះរាប់លានរៀល និង នៅពេលយប់ មានបើកលេងបៀរ និង អាប៉ោងហើយមានអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូន ស្រែកឡូឡា ហ៊ោរកញ្ជ្រៀវ បង្ករការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋនៅទីនោះបានអោយដឹងថា ទោះបីជា មានការបើកលេងល្បែងភ្នាល់ យ៉ាងចំហដូចនេះក្តី គេមិនដែលឃើញមន្រ្តីអាជ្ញាធរ និង សមត្ថកិច្ច ចុះទៅបង្រ្កាប ឬ មានវិធានការអោយមានប្រសិទ្ធភាពឡើយ ។

ប្រជាពលរដ្ឋបានធ្វើការិះគន់ ទៅលើមន្រ្តីអាជ្ញាធរ និង សមត្ថកិច្ចដែលពាក់ព័ន្ធ ដែលមិនបានធ្វើការបង្រ្កាបទីតាំងបើកល្បែងដុះស្លែមួយ ជ្រកក្រោមស្លាកលក់កាហ្វេ មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៍ ។

ប្រជាពលរដ្ឋបានសំណូមពរ ដល់មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ មេត្តាជួយចាត់វិធានការបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់មួយនេះអោយមានប្រសិទ្ធិភាពផង ពីព្រោះល្បែងស៊ីសងបង្កឲ្យមានអំពើហិង្សានៅក្នុងគ្រួសារ បង្កើតអោយមានចោរកម្មផ្សេងៗ បង្កផលលំបាកដល់សង្គម ។

ពាក់ព័ន្ធនឹងករណីនេះ អធិការនគរបាលស្រុកបរិបូរណ៍ លោកជាង សុវណ្ណារិទ្ធិ បានប្រាប់តាមទូរស័ព្ទអោយដឹងថា លោកអត់បានដឹងនោះទេថា មានល្បែងស៊ីសងនៅក្នុងហាងកាហ្វេមួយនេះ ។ ប៉ុន្តែលោកបានបញ្ជាក់ទៀតថា ក្នុងផែនការអនុវត្តរបស់អធិការនគរបាលគឺលុបបំបាត់មិនឲ្យមានល្បែងនេះកើតឡើងនោះទេ ហើយប៉ុស្តិ៍រដ្ឋបាល ក៏មិនដែលបានរាយការណ៍មកឲ្យដឹងដែរ ហើយលោកនឹងបន្តស្រាវជ្រាវជាបន្តទៀតដើម្បីលុបបំបាត់បនល្បែងទាំងនេះ ៕ ចន្ថា

as as-1


ចែករំលែក៖