ភ្នំពេញ៖ កាលពីម៉ោង ១២និង៣០ នាទី ថ្ងៃទី១៣ ខែតុលា លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ។ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី Xi Jinping គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន។
នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតី XI Jinping នឹងអញ្ជើញចូលគាល់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញសួរសុខទុក្ខ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ។
នៅរសៀលថ្ងៃដដែលនេះ លោកប្រធានាធិបតី XI Jinping នឹងអញ្ជើញជួបសន្ទនាពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង អញ្ជើញជាអធិបតីរួមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារផ្លូវការមួយចំនួនផងដែរ នៅវិមានរដ្ឋាភិបាលសន្តិភាព៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច