ភ្នំពេញ៖ ក្នុងបរិបទនៃសេដ្ឋកិច្ចវិលជុំ (Circular Economy) ការកែច្នៃសំណល់អេឡិចត្រូនិក (E-waste) គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្រង់យកធនធានកម្រមកប្រើប្រាស់វិញ។
ទោះជាយ៉ាងណា ភាពរីកដុះដាលនៃសិប្បកម្មខ្នាតតូច និងមធ្យម ដែលប្រតិបត្តិការ “ក្រៅប្រព័ន្ធ” ឬ “ខ្វះបច្ចេកទេសការពារ” និងមិនមានការគ្រប់គ្រង ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍ កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរផ្នែកបរិស្ថាន និងសុខភាពសាធារណៈ។
ក្រសួងបរិស្ថានបានលើកឡើងថា វដ្តនៃការបំពុលពីខ្សែច្រវាក់ផលិតកម្មខ្វះបច្ចេកទេសឧបករណ៍អេឡិចត្រូនិកដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និងទូរទស្សន៍ មានសារធាតុពុលដូចជា សំណ (lead) បារត (mercury) កាដមីញ៉ូម (cadmium) អាសេនិក (arsenic) និងសារធាតុបន្ថែមទប់ភ្លើង (brominated flame retardants)។ នៅតាមតំបន់កែច្នៃក្រៅប្រព័ន្ធ កម្មករមិនពាក់ឧបករណ៍ការពារសុវត្ថិភាព ធ្វើការបំបែកឧបករណ៍ដោយដៃ ដុតខ្សែភ្លើងដើម្បីយកស្ពាន់ (copper) និងប្រើអាស៊ីតដើម្បីយកលោហៈមានតម្លៃ។ វិធីសាស្ត្រទាំងនេះបញ្ចេញឧស្ម័នពុល និងបំពុលដី ខ្យល់ និងប្រភពទឹកជុំវិញ។
*ផលប៉ះពាល់លើសុខភាព
ផលប៉ះពាល់លើសុខភាពមានភាពធ្ងន់ធ្ងរ។ ការប៉ះពាល់នឹងសំណ និងបារតអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ បង្កការខូចខាតខួរក្បាល កាត់បន្ថយការអភិវឌ្ឍសមត្ថភាពគិតរបស់កុមារ និងបង្កជំងឺតម្រងនោម និងបេះដូង។ ការដកដង្ហើមផ្សែងពុលពីការដុតប្លាស្ទិកបង្កើនហានិភ័យជំងឺផ្លូវដង្ហើម និងមហារីក។ កុមារ និងស្ត្រីមានផ្ទៃពោះមានភាពងាយរងគ្រោះជាងគេ ព្រោះការប៉ះពាល់អាចបង្កការពន្យាពេលអភិវឌ្ឍន៍ និងបញ្ហាសុខភាពរយៈពេលវែង។
*ផលប៉ះពាល់លើបរិស្ថាន
ផ្នែកបរិស្ថានក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ។ សំណល់ពុលអាចជ្រាបចូលដី និងទឹកក្រោមដី បំពុលប្រភពទឹកផឹក និងដីកសិកម្ម។ ប្រភពទឹកនៅជិតតំបន់កែច្នៃជាញឹកញាប់មានកម្រិតលោហៈធ្ងន់ខ្ពស់ ប៉ះពាល់ដល់ត្រី និងជីវៈចម្រុះក្នុងទឹក។ ការដុតដោយគ្មានការគ្រប់គ្រងក៏បញ្ចេញសារធាតុពុលដែលអាចរាលដាលឆ្ងាយ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែង។
*ផលប៉ះពាល់លើការគ្រប់គ្រងធនធានដោយចីរភាព
ការកែច្នៃក្រៅប្រព័ន្ធប៉ះពាល់ដល់ការគ្រប់គ្រងធនធានប្រកបដោយចីរភាព។ ទោះបីយកលោហៈមានតម្លៃបានក៏ដោយ សំណល់ដែលនៅសល់ជាច្រើនត្រូវបានបោះចោលមិនត្រឹមត្រូវ បង្កបញ្ហាបរិស្ថាន។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវការការពង្រឹងច្បាប់បរិស្ថាន ការរៀបចំប្រព័ន្ធកែច្នៃឱ្យមានស្តង់ដារ ការការពារសុវត្ថិភាពកម្មករ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
*សេចក្ដីសន្និដ្ឋាន
ការកែច្នៃសំណល់អេឡិចត្រូនិកខ្នាតតូចឬមធ្យម ដែលមិនមានការគ្រប់គ្រង ទោះមានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្លះ ក៏បង្កហានិភ័យធ្ងន់ធ្ងរលើសុខភាពមនុស្ស និងបរិស្ថាន។ ដំណោះស្រាយប្រកបដោយចីរភាពត្រូវតែបង្កើតតុល្យភាពរវាងឱកាសសេដ្ឋកិច្ច និងការការពារសុវត្ថិភាព និងបរិស្ថានយ៉ាងតឹងរ៉ឹង៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច