ខេត្តបាត់ដំបង÷មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកសង្កែឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៦ នេះថា ក្រុមក្មេងទំនើង១០នាក់ ដែលបង្ហោះម៉ូតូមុខអនុវិទ្យាល័យវត្តតាមឹមត្រូវបានអនុវត្តតាមគោលការណ៍ រួចហើយនិងបានអញ្ជើញអាណាព្យាបាលមកទទួល យកទៅអប់រំបន្តដោយមិនអនុញ្ញាតឲ្យមានជាលើកទី២ ទៀតឡើយ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង២៣និង០០នាទី នៅចំណុចមុខសាលាអនុវិទ្យាល័យវត្តតាមិម ក្នុងស្រុកសង្កែ ក្រុមក្មេងទំនើង ចំនួន១ក្រុម មានគ្នា ១០នាក់ បានធ្វើសកម្មភាពប្រមូលផ្តុំគ្នា និងជាក្រុមបានបង្ហោះម៉ូតូលើដងផ្លូវ ក្នុងភូមិសាស្ត្រស្រុកសង្កែ មានឈ្មោះថា [VTM-វត្តតាមិម] ដែលតែងតែបង្កការភ្ញាក់ផ្អើលរំខាក់ដល់អ្នករួមដំណើរ ។
ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ទោ យុតតុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងតាមឃាត់ពួកគេនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដោយដកហូតម៉ូតូចំនួន ០៥គ្រឿងជាមធ្យោបាយជិះបង្ហោះតាមដងផ្លូវ។
ក្រោយសាកសួររួចសមត្ថកិច្ចបានរក្សាទុកម៉ូតូមួយរយៈហើយក៏បានហៅអាណាព្យាបាលមកធានាយក ទៅអប់រំណែនាំនៅមូលដ្ឋានវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យាថាឈប់ប្រព្រឹត្តិបន្តទៀត ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច