ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២៦គ្រាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអង្គការហេលឡូត្រាស់ (Hello Trace) កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ សហការជាមួយប្រជាពលរដ្ឋប្រមូលគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះបន្សល់កាលពីសម័យសង្គ្រាមដ៏រ៉ាំរ៉ៃរបស់កម្ពុជា ពីតំបន់នានាចំនួន២៦គ្រាប់ ។

ប្រតិបត្តិការខាងលើនេះ ប្រព្រឹត្តឡើងកាលពីថ្ងៃទី ១២ និង១៣ ខែតុលា ឆ្នាំ២០១៦ តាមតំបន់នានា ស្ថិតក្នុងភូមិប្រហាល ភូមិសំសាន្ត ភូមិព្រែកកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកអនុសេនីយ៍ឯក រ៉ង សុវណ្ណរឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ បានឱ្យដឹងថា កិច្ចសហការរវាងកម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace)កម្លាំងសមត្ថកិច្ចនគរបាលស្រុក ប៉ុស្ដិ៍រដ្ឋបាល និងប្រជាពលរដ្ឋខាងលើ លទ្ធផលប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅកាលពីសម័យសង្គ្រាមបានចំនួន ២៦គ្រាប់ ។

លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា រយៈពេល ២ថ្ងៃកន្លងមកនេះ កម្លាំងប្រមូលបានគ្រាប់ទាំង ២៦គ្រាប់ ជាប្រភេទ គ្រាប់ដូចជា ដេកា ៨២មីលីម៉ែត្រចំនួន៣គ្រាប់, គ្រាប់៦០មីលី្លម៉ែត្រ៣គ្រាប់, គ្រាប់៧២អា១គ្រាប់, គ្រាប់ ប៉េហ្សេ ១៧គ្រាប់, មីន៦៩ចំនួន២គ្រាប់ ។

លោកបន្តទៀតថា គ្រាប់ទាំង២៦គ្រាប់នេះ បានប្រមូលមកពីតំបន់នានាខាងលើ ខណៈដែល ប្រជាពលរដ្ឋធ្វើស្រែចម្ការប្រទះឃើញ នាពេលកន្លងមក ហើយអាជ្ញាធរមានសមត្ថកិច្ច បានរក្សាទុកនៅម្ដុំៗផ្សេងៗគ្នា តាមតំបន់នានា ដូចបានរៀបរាប់ខាងលើ រួចហើយ ផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋទៅលេងក្បែរ ឬកែឆ្នៃផ្សេងៗដើម្បីរង់ចាំ និងផ្ដល់ព័ត៌មានទៅសមត្ថកិច្ចជំនាញ ចុះមកទទួលយកទៅចាត់ការតាមបច្ចេកទេស ហើយគ្រាប់ទាំងអស់ត្រូវបានប្រគល់ឱ្យទៅកម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace)ដើម្បីចាត់ការ ៕ ប៉ឹម ពិន

wa-5 wa wa-1 wa-2 wa-3 wa-4


ចែករំលែក៖