ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអង់គ្លេស៖ អាមេរិកអាចប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនដើម្បីវាយប្រហារការពារប្រឆាំងមីស៊ីលអ៊ីរ៉ង់

ចែករំលែក៖

អង់គ្លេស​៖​ លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស​ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ​២០២៦ថា ប្រទេសរបស់លោកបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានកងទ័ពអង់គ្លេសដើម្បីវាយប្រហារការពារប្រឆាំងមីស៊ីលអ៊ីរ៉ង់។

ថ្លែងនៅក្នុងសារតាមវីដេអូនៅលើបណ្តាញ X នាយករដ្ឋមន្ត្រីអង់គ្លេស​រូបនេះ​ បាននិយាយថា «សហរដ្ឋអាមេរិក បានស្នើសុំការអនុញ្ញាតប្រើប្រាស់មូលដ្ឋានកងទ័ពអង់គ្លេសសម្រាប់គោលបំណងការពារជាក់លាក់ ហើយយើងបានសម្រេចទទួលយកសំណើនេះ ដើម្បីទប់ស្កាត់ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់នៅទូទាំងតំបន់»។ លោក Starmer បានបញ្ជាក់ជាថ្មីថា ចក្រភពអង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេស លោក Ali Khamenei កាលពីថ្ងៃសៅរ៍នោះទេ ហើយចក្រភពអង់គ្លេសនឹងមិនចូលរួមក្នុងការវាយប្រហារបន្ថែមទៀតនោះដែរ។ ប៉ុន្តែលោកបាននិយាយថា អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់ ខណៈមីស៊ីលរបស់ប្រទេសនេះបានវាយប្រហារលើអាកាសយានដ្ឋាន និងសណ្ឋាគារដែលពលរដ្ឋអង់គ្លេសកំពុងស្នាក់នៅ។

លោកនិយាយថា «ការសម្រេចចិត្តរបស់យើងថា ចក្រភពអង់គ្លេសនឹងមិនពាក់ព័ន្ធចំពោះការវាយប្រហារលើអ៊ីរ៉ង់ គឺជាបំណង ជាពិសេសដោយសារតែយើងជឿថាមធ្យោបាយល្អបំផុតសម្រាប់តំបន់ និងសម្រាប់ពិភពលោកគឺជាដំណោះស្រាយដែលចរចាបានដែលអ៊ីរ៉ង់ព្រមព្រៀងបោះបង់ចោលបំណងប្រាថ្នាណាមួយក្នុងការផលិតអាវុធនុយក្លេអ៊ែរ»។ 

«ប៉ុន្តែអ៊ីរ៉ង់ កំពុងវាយប្រហារផលប្រយោជន៍អង់គ្លេស ហើយធ្វើឱ្យប្រជាជនអង់គ្លេសស្ថិតក្នុងហានិភ័យធំ»។ លោកបាននិយាយថា ដៃគូរបស់ចក្រភពអង់គ្លេសនៅឈូងសមុទ្រ បានស្នើសុំឱ្យខ្លួនធ្វើបន្ថែមទៀតដើម្បីការពារពួកគេ ហើយវាជាកាតព្វកិច្ចរបស់លោកក្នុងការការពារជីវិតពលរដ្ឋអង់គ្លេស៕ដោយ​៖តារា​


ចែករំលែក៖