ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ រហូតស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនេះ បើកម៉ូតូឡើងជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកម៉ូតូកង់បីបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៨ និង៥៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២០-២១ ស្ថិតក្នុងភូមិបុរីកម្មករ ឃុំ បែកចាន ស្រុកអង្គស្នួល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា បុរសស្លាប់បាត់បង់ជីវិតនោះ ឈ្មោះ ស៊ុម ប៊ុនថេត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃតាពូង ឃុំពើក ស្រុកអង្គស្នួល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខកណ្តាល 1D-7763 ។ ចំណែកឯម៉ូតូកង់បីមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានបើកគេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសខាងលើនេះបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ដោយពុំមានពាក់មួកការពារសុវត្ថិភាពនោះទេ ។ លុះបើកដល់ចំណុចកើតហេតុបានឡើងជែងមធ្យោបាយធ្វើដំណើរនៅខាងមុខ ទើបណ្តាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូកង់បីបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតែម្តង ។
បច្ចុប្បន្នម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួល ធ្វើការដកហូតទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ