ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មខណ្ឌដង្កោ បានឃាត់ខ្លួនយុវជនបែកថ្នាំម្នាក់ ក្រោយពីចូលក្នុងផ្ទះយកសំភារះដុត តែសំណាងល្អខូចខាតបន្តិចបន្ទួច។ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនបង្កហេតុខាងលើមានឈ្មោះ វ៉ាន់ សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ មានសាច់ញាតិជនបង្កខាងលើបានរាយការណ៍មកប្រាប់ថា ជនបង្កហេតុបានបែកថ្នាំ ហើយបានចូលទៅក្នុងផ្ទះថ្មយកសម្ភារ ដូចជាខោអាវ មកដុតនៅក្នុងផ្ទះ តែសំណាងល្អ ពេលឆេះបន្តិចបន្តួចក៏ត្រូវបានអ្នកផ្ទះឃើញ និងបានពន្លត់ទាន់ពេលវេលា និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកវៃខ្នោះចាត់ការតាមនីតិវិធី ។
បច្ចុប្បន្នយុវជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចូមូលដ្ឋានកំពុងតែឃាត់ខ្លួន និងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ