ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដាក់លបម្នាក់ប្រទះឃើញសាកសពក្នុងទឹកបឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសអ្នកដាក់លបម្នាក់ឈ្មោះ ជឹម ឃ្នី អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រង់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងទឹកបឹង ខណៈគាត់ទៅដាក់លបត្រង់ចំណុចទឹកបឹងកើតហេតុ ។

ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ត្រង់ចំណុចទឹកបឹងត្រពាំងម្នាង ស្ថិតក្នុងភូមិត្រង់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឱ្យដឹងថា សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វិន ធីន ភេទប្រុស អាយុ ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពខាងលើបន្តថា សាកសពជនរងគ្រោះត្រូវបានបុរសម្នាក់ឈ្មោះ ជឹម ឃ្នី រស់នៅភូមិ.ឃុំជាមួយជនរងគ្រោះ ប្រទះឃើញត្រង់ចំណុចទឹកបឹងកើតហេតុ ប៉ុន្ដែគេពុំបានដឹងថា ស្លាប់បណ្ដាលមកពីអ្វីនោះទេ ខណៈគាត់ទៅដាក់លបត្រីនៅចំណុចនោះ គ្រានោះគាត់បានឃើញកូនជនរងគ្រោះឈ្មោះ សល់ ភេទប្រុស អាយុ ២២ឆ្នាំ បើកកាណូតកាត់ក៏បានស្រែកហៅមកយកសាកសពឪពុករបស់ខ្លួន ដើម្បីយកទៅលំនៅឋានចាត់ចែងតាមប្រពៃណី និងបានរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចផងដែរ ។

ប្រភពដដែលអះអាងបន្តថា នៅគ្រាសមត្ថកិច្ចទទួលបានព័ត៌មាននេះ បានចុះមកពិនិត្យសាកសពនៅផ្ទះជនរងគ្រោះ ដោយពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ក៏បានសន្និដ្ឋានដែរថា ជនរងគ្រោះអាចស្លាប់បណ្ដាលមកពីជម្ងឺខ្យល់គរដួលប្រកាច់ចូលទឹកលង់ស្លាប់ ហើយបានប្រគល់សាកសពឱ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន

as-1 as


ចែករំលែក៖