ខេត្តប៉ៃលិន ៖ ភ្នំមួយនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ក្បែរវត្តសារវ៉ាន់ ក្នុងភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅរងការបាត់បង់ដោយសារតែអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធឃុបឃិតជាមួយក្រុមឈ្មួញយកគ្រឿង ចក្រទៅជីកកកាយយកអាចម៌ដីធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរភ្នំខាងលើបានលើកឡើងថា ភ្នំនៅតំបន់អភិរក្សនេះត្រូវបានក្រុមឈ្មួញយកគ្រឿងចក្រទៅ ជីកកកាយដី ដឹកលក់អស់រយៈពេលជាច្រើនថ្ងៃខែមកហើយ តាំងពីភ្នំខ្ពស់រហូតដល់ក្លាយទៅជារាបស្មើអស់រលីង ។ ពួកគាត់បន្តទៀត ថា បើសិនជាអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ មិនបើកដៃឱ្យទេក្រុមឈ្មួញទាំងនោះក៏មិនហ៊ានយកគ្រឿងចក្រទៅជីកកកាយបែប នេះដែរ ។
លោក កឹម សុខា ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិនបានឱ្យដឹងថា ការជីកកកាយ ដីភ្នំអភិរក្សមួយនេះ គឺគេមានប្លង់រួចរាល់ អស់ហើយ ។ ម្យ៉ាងទៀតម្ចាស់ដីគេមានខ្នងធំណាស់ខាងលោកមិនហ៊ានចុះទៅហាមឃាត់ឡើយ ។
លោក សំ សារ៉េត អភិបាលស្រុកសាលា ក្រៅក៏បានឱ្យដឹងដែរថា ខាងលោកមិនទាន់បានដឹងរឿងនេះច្បាស់នៅឡើយទេ តែបន្ទាប់ពីទទួលដំណឹងមួយនេះចាំមើលនៅថ្ងៃ ខាងមុខលោកនឹងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល ៕ ហេង នរិន្ទ្រ