ភ្នំពេញ៖ ដេីម្បីរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់ដែលលក់ដូរលើចិញ្ចើមផ្លូវនិងផ្លូវសាធារណៈ មុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថាៈ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ និង បរិស្ថានល្អប្រសើរ និងជៀសវាងការកកស្ទះចរាចរណ៍ដែលប៉ះពាល់ដល់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យសូមធ្វើការណែនាំដូចខាងក្រោម៖
១. ចំពោះបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនិងផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋ៖
ត្រូវបញ្ឈប់រាល់ការដាក់តាំងលក់ទំនិញនិងសម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ ដើម្បីទុកចិញ្ចើមផ្លូវសាធារណៈធ្វើដំណើរទូទៅ។
ត្រូវបញ្ឈប់រាល់ការដាក់តាំងស្លាកយីហោ ការសាងសង់តូបលក់ដូរ-ឃ្លុប-សំយ៉ាប និងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ។ ត្រូវបញ្ឈប់រាល់ការចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ។
២. ចំពោះបញ្ហាអនាម័យ និងបរិស្ថាន៖
នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសម្អាតអនាម័យឱ្យបានស្អាតជានិច្ច និងរាល់កាកសំណល់ផ្សេងៗត្រូវរៀបចំវេចខ្ចប់ ទុកដាក់ និងបញ្ចេញឱ្យបានត្រឹមត្រូវ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ស្នើ បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ធ្វើការរុះរើតាមការណែនាំខាងលើចេញឱ្យអស់ក្នុងរយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើបងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់នឹងអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះជាពុំខានឡើយ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច