ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង១ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅ ក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្តាលមានករណីហិង្សារផ្តើមចេញពីរឿង ទំនាស់ក្នុងគ្រួសារដោយស្ត្រីម្នាក់ត្រូវបានកូនប្រសាស្រីចាប់វាយកប់ភក់ផ្អើលប្រជាពលរដ្ឋក្នុងភូមិមកជួយធ្វើអន្តរាគមន៍ ។
បើតាមសម្តីស្ត្រីឈ្មោះ យន់ អឿន អាយុ ៧៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថា គាត់រស់នៅជាមួយកូនប្រសាអស់រយៈពេលជាង១៤ឆ្នាំមកហើយតាំងពីកូនប្រុសពៅរបស់គាត់រៀបការជាមួយនាងមកម្ល៉េះ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះកូនប្រសាតែងតែរករឿងបង្កជម្លោះជាមួយគាត់ ហើយតែងប្រើពាក្យ ប្រមាថត្មះតិះដៀលគាត់ថា ឆ្កែ ឆ្មាចង់ឲ្យ គាត់ទ្រាំមិនបានដើរចេញ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រើអំពើហិង្សាវាយធ្វើបាបគាត់៥លើកមកហើយ ។
ស្ត្រីរងគ្រោះបន្តថា លើកចុងក្រោយជា លើកទី៥ ខណៈដែលគាត់យកចានដែក ទៅបេះត្រកួនស្រាប់តែកូនប្រសាគាត់ស្រែក ជេរប្រមាថគាត់ រួចក៏ប្រតាយប្រតប់ជាមួយ គាត់ និងចាប់អូសគាត់ទៅដល់មុខផ្ទះកូនស្រីច្បងរបស់គាត់រួចជាន់គាត់កប់ភក់ស្ទើរស្លាប់កុំតែបានកូនស្រីគាត់ចេញមកជួយទាន់កុំអីមិនដឹងជាយ៉ាងណានោះទេ ។
ឆ្លើយតបចំពោះការលើកឡើងនេះស្ត្រីឈ្មោះ ស៊ឺន ផល្លែន អាយុ៣២ឆ្នាំ ជាកូន ប្រសាបាននិយាយថា ម្តាយក្មេកគាត់ជា មនុស្សប្រមឹកខួបតែងតែជេរដៀលពូជ គាត់ជារើយៗ ហើយជួនកាលដេញវាយ នាងផ្អើលគេឯងទៀតផង។ ចំពោះមូលហេតុដែលនាងតដៃវិញព្រោះតែម្តាយក្មេកបានយកកែវស្រាគប់មកលើនាង និងបានយកភក់គប់ពេញក្បាលទើបជ្រុលដៃរុញ គាត់បណ្តាលឱ្យដួលទៅ។
បើទោះជាយ៉ាងនេះក្តីអ្វីដែលមិននឹក ស្មានមិនដល់គឺក្រោយពីស្ត្រីរងគ្រោះទៅ ប៉ុស្តិ៍នគរបាលរកាខ្ពស់ដាក់ពាក្យណ្តឹងនិង បន្ទាប់ពីនគរបាលទទួលពាក្យបណ្តឹង ហើយក៏កោះហៅមកផ្សះផ្សាគ្នារួចនៅ ពេលស្ត្រីរងគ្រោះ និងកូនប្រសាជិះចេញពីប៉ុស្តិ៍នគរបាលប្រមាណ១០០ម៉ែត្រ ស្រាប់តែកូនប្រសាស្រីទាញទម្លាក់ម្តាយពីលើម៉ូតូរួចឲ្យប្រាក់១០ម៉ឺនរៀល ហើយក៏ជិះចេញ ទៅបាត់ស្រមោល ។
ចំណែកកូនប្រុសសំណព្វរបស់ស្ត្រី យន់ អឿន នៅពេលសមត្ថកិច្ចសួរនាំក៏ បានឆ្លើយថា គាត់ក៏ធុញនឹងម្តាយដូចគ្នា ព្រោះផឹកស្រារាល់ថ្ងៃ ដូច្នេះអ្វីៗទុកឱ្យប្រពន្ធរបស់គាត់សម្រេចទៅចុះ ៕ ហេង នរិន្ទ្រ