ខេត្តបាត់ដំបង ៖ សត្វកុករាប់រយក្បាល ត្រូវបានមន្ត្រីជំនាញឃុបឃិតឲ្យក្រុមឈ្មួញយកមកដាក់លក់យ៉ាងអនាធិបតេយ្យ នៅ តាមដងផ្លូវជាតិលេខ៥ចំណុចភូមិស្វាយ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងមួយឆ្នាំៗពួកគាត់តែងឃើញក្រុមឈ្មួញនាំគ្នាបំពុលសត្វស្លាបគ្រប់ប្រភេទពិសេសសត្វកុកយកមកដាក់តាំងលក់។ សកម្មភាពទាំងនោះមិនដែលឃើញមានអាជ្ញាធរពាក់ព័ន្ធអើពើ ឬមានចំណាត់ការឡើយ ។
ស្ត្រីម្នាក់ជាអ្នកអង្គុយបោចសត្វលក់នៅទីតាំងខាងលើបានប្រាប់ឲ្យដឹងថាការណ៍ដែលពួកគាត់អាចលក់បានក៏ដោយសារមានការយោគយល់ពីមន្ត្រីជំនាញ និងអាជ្ញា ធរ ។ ម្យ៉ាងទៀតនៅពេលមន្ត្រីជំនាញពាក់ព័ន្ធចុះមកម្តងៗបានផាកពិន័យក្នុងម្នាក់ ៤០ម៉ឺនទៅ៥០ម៉ឺនរៀលជាការស្រេច ។
ចំពោះបញ្ហាខាងលើ លោក លី ជូបៀង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានបំភ្លឺថា ទីតាំងលក់សត្វខាងលើលោកបានចុះទៅធ្វើការច្រើនដងហើយ ។ ម្យ៉ាងវិញទៀតពេលចុះធ្វើការត្រូវប្រើគណៈបញ្ជាការឯកភាពស្រុកចូលរួម ដូច្នេះពត៌មានត្រូវទាក់ទងទៅលោកអភិបាលស្រុកដើម្បីចូលរួមចុះជាមួយ ។ ចំណែកលោក គីម វណ្ណៈ អភិបាលស្រុកសង្កែខាងសារព័ត៌មានយើងមិនអាចទាក់ទងបានទេ ដោយលោកប្រាប់ ថាជាប់រវល់ប្រជុំ ៕ ហេង និរន្ទ្រ