ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៀតហើយនៅខេត្តព្រៃវែងត្រូវជនមិនស្គាល់មុខលបកាប់ស្លាប់ពេលទៅឆ្លុះត្រីនៅវាលស្រែពេលយប់

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់ត្រូវបានគេ ប្រទះឃើញស្លាប់នៅកណ្តាលវាលស្រែដោយមានស្នាមកាប់ជាច្រើនកន្លែងដែល សមត្ថកិច្ចសង្ស័យជាករណីឃាតកម្មក្នុង រឿងគំនុំ។ ករណីប្រទះឃើញសពជនរងគ្រោះត្រូវជនមិនស្គាល់មុខកាប់សម្លាប់យ៉ាងសាហាវនេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅ ក្នុងភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ។

តាមមន្ត្រីនគរបាលចុះពិនិត្យសាកសពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង ផង់ អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះត្រូវជនមិនស្គាល់មុខប្រើពូថៅកាប់ក្បាលពីក្រោយមានស្នាមបែកខាងស្តាំចំនួន៨កន្លែងស្លាប់ក្នុងថ្លុកឈាម ។

ប្រភពពីមន្ត្រីដដែលបានបន្តថា មុនពេល កើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅ ឆ្លុះត្រី-កង្កែបនៅចំណុចវាលស្រែខាងត្បូង ភូមិ-ឃុំពោធិ៍ទី ហើយត្រូវជនមិនស្គាល់មុខកាប់ស្លាប់តែម្តង។ ករណីនេះសមត្ថកិច្ចនៅពុំទាន់សន្និដ្ឋានជាករណីអ្វីនៅឡើយទេ តែបើតាមប្រភពនៅកន្លែងកើតហេតុ បានលើកឡើងថា ការស្លាប់របស់ជនរងគ្រោះគឺជារឿងគំនុំរវាងជនរងគ្រោះនឹងជនដៃដល់ដែលមិនមែនជាករណីប្លន់យក ទ្រព្យសម្បត្តិមានតម្លៃឡើយ ព្រោះពេល ជនរងគ្រោះទៅឆ្លុះត្រី និងកន្កែបមិនមាន ទ្រព្យសម្បត្តិមានតម្លៃជាប់នៅខ្លួនទេ។

ទោះជាមានការសន្និដ្ឋានយ៉ាងដូច្នេះក្តី ករណីឃាតកម្មលើបុរសរងគ្រោះនេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបន្តស្រាវជ្រាវស្វែងរកជនដៃដល់ដើម្បីចាប់ ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។

គួររំលឹកថា ថ្មីៗកន្លងទៅនេះនៅក្នុងស្រុកកញ្រ្ចៀច ខេត្តព្រៃវែងសមត្ថកិច្ចទើប នឹងបិទសំណុំរឿងឃាតកម្មលើប្តីប្រពន្ធត្រូវបានគេសម្លាប់នៅកណ្តាលវាលស្រែពេលដែលទៅរកត្រីនិងឆ្លុះកន្កែបដូចគ្នា។ ឃាតក ដែលបានសម្លាប់ជនរងគ្រោះ២នាក់ប្តី ប្រពន្ធយ៉ាងសាហាវនេះ ព្រោះតែមានគំនំខឹងស្ត្រីរងគ្រោះស្តីបន្ទោសកុំឲ្យនាំហៅប្តី របស់ខ្លួនទៅផឹកស៊ីយប់ព្រលប់ប៉ុណ្ណោះ។ ដោយសារឈាមស្រែកស្បែកហៅជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមួយថ្ងៃក្រោយកើតហេតុបញ្ជូនទៅដាក់ពន្ធនាគារក្រោយតុលាកាចោទប្រកាន់ ។

ដូច្នេះប្រជាពលរដ្ឋនៅខេត្តព្រៃវែងមានជំនឿទៀតថា ឃាតកកាប់សម្លាប់ជនរង គ្រោះឈ្មោះ ហុង ផង់ ខាងលើនេះនឹងត្រូវចាប់ខ្លួនដូចឃាតកសម្លាប់ប្តីប្រពន្ធនេះដែរ៕ សហការី

photo_2016-10-15_12-15-35


ចែករំលែក៖